សៀមរាប៖ នៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១៣០នាក់ ស្រី១២នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងអញ្ជើញចូលរួមក្នុងពិធីនោះ មានបណ្តាអស់លោកឧត្តមសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរង និងអង្គភាពពាក់ព័ន្ធជាច្រើនអ្នកទៀតផងដែរ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស បានអានសេចក្តីសំរេចបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលរួចមក លោកឧត្តមសេនីយ៍ទោស្នងការ បានអញ្ជើញបំពាក់ស័ក្តិជូនដល់កម្លាំងសរុបចំនួន១៣០នាក់ ស្រី១២នាក់ ក្នុងនោះតួនាទីសុទ្ធ៣២នាក់,ថ្នាក់វរសេនីយ៍ទោ១៤វរសេនីយ៍ត្រី២០នាក់,អនុសេនីយ៍ឯក១៣នាក់,អនុសេនីយ៍ទោ១៦នាក់,អនុសេនីយ៍ត្រី៣២នាក់,ព្រិន្ទបាលឯក២នាក់,ព្រិន្ទបាកទោ២នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ថា៖ដោយការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ចំពោះកម្លាំងយើងទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែង ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ ថ្ងៃនេះយើងទាំងអស់គ្នាបានទទួលនូវការបំពាក់ឋាន្តរស័ក្តិ តែទន្ទឹមនឹងនេះ សូមឲ្យកងកម្លាំងនគរបាលទាំងអស់ ដែលមានមុខនាពេលនេះ ធ្វើយ៉ាងណាកំណែទំរង់ ពង្រឹងកងកម្លាំងនគរបាលយើង ក្នុងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យបានកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត។ ពិសេសការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងឲ្យពួកគាត់មានទំនុកទុកចិត្តមកលើកងកម្លាំងនគរបាលរបស់យើង ដែលជាអ្នកអនុវត្តច្បាប់ និងចំពោះមុខត្រូវបន្តបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រា្កបរាល់បទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឲ្យបានគ្រប់ៗគ្នាត្រូវបន្តជំរុញការផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជំរុញចលនាប្រជាការពារភូមិ ឃុំ និងសូមឲ្យអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិស្តីពីគោលការណ៍វាយតំលៃប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងគោលបំណងពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍ឲ្យមានប្រសិទ្វភាពឆ្លើយតបទៅនឹងតួនាទីភារកិច្ច ដែលបានកំណត់ត្រូវមានសាមគ្គីភាពឯកភាព និងសហការណ៍គ្នាល្អ សំដៅធានាបាននូវសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្ត និងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត រួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្ត្រ របស់នគរបាលជាតិឲ្យទទួលបានជោគជ័យ។
ក្នុងនោះដែរលោកស្នងការបានសង្កត់ធ្ងន់ចំនួន៣ចំណុចធំៗគឺ ត្រូវប្រឹងប្រែងបង្ក្រាបករណីគ្រឿងញៀន,បង្ក្រាបក្រុមចោរឆក់ និងទី៣ ត្រូវអនុវត្តន៍ការងាររឹតបន្តឹងច្បាប់ចរាចរឲ្យបានតឹងតែងថែមទៀត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕