សា​បូ​ អូ​ហ្សា​ណូ​៖​ ប្រាប់​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ត្រូវ​តែ​ចូលរួម​សកម្ម​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ និង​បង្ការ​ខ្លួន​ពី​មេរោគ​អេ​ដស៍​

24-July-2019 | ដោយ ពលមនសិការ

ស្ទឹង​ត្រែង​៖​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ ក្រោម​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ បន្ត​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺអេដស៍​ មេរោគ​អេ​ដស៍​ និង​ឥទ្ធិពល​គ្រឿងញៀន​ នៅ​មន្ទីរ​បរិស្ថាន​ក្រោម​អធិបតីភាព​ឯកឧត្តម​ សា​បូ​ អូ​ហ្សា​ណូ​ រដ្ឋលេខាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឧត្តមសេនីយ៍ទោ​ លឹ​ម​ តុង​ហួត​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និង​ស្តា​នីតិសម្បទា​ នៃ​អគ្គលេខាធិការដ្ឋាន​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ឯកឧត្តម​វេជ្ជបណ្ឌិត​ ស៊ឹ​ម​ គឹ​ម​សាន​ ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​និង​ជំងឺអេដស៍​លោក​ យេ​ន​ រុន​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ តំណាង​មក​ពី​មន្ទីរ​បរិស្ថាន​ ឧ​ទ្យា​នុ​រក្ស​ សរុប​ចំនួន​៦៥​នាក់​។​

​ក្នុង​ឱកាស​ថ្លែង​បើក​ពិធី​ផ្សព្វផ្សាយ​នា​ពេល​នោះ​ ក្នុង​នាម​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឯកឧត្តម​ សា​បូ​ អូ​ហ្សា​ណូ​ រដ្ឋលេខាធិការ​ បាន​ប្រាប់​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដែល​ជា​នគរបាល​យុត្តិធម៌​ជាមួយនឹង​ការ​ថែទាំ​អភិរក្ស​ធនធានធម្មជាតិ​ត្រូវ​តែ​ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​ថែម​ទៀត​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ និង​បង្ការ​ខ្លួន​ពី​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​។​

​ក្នុង​ឱកាស​នោះ​ដែរ​ឧត្តមសេនីយ៍ទោ​ លឹ​ម​ តុង​ហួត​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និង​ស្តា​នីតិសម្បទា​ បាន​មាន​ប្រសាសន៍​ដោយសារ​បញ្ហា​គ្រឿងញៀន​នៅ​លើ​សកលលោក​មិន​មាន​សញ្ញា​ថមថយ​បាន​ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ចរាចរ​ឆ្លងកាត់​គ្រឿងញៀន​ចេញពី​បណ្តា​ប្រទេស​ជិតខាង​ដែល​ភាគច្រើន​គឺ​ចូល​តាម​ច្រក​ផ្លូវគោក​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ឦសាន​ប្រទេស​ ហើយ​ការ​ចូលរួម​របស់​ឧ​ទ្យា​នុ​រក្ស​ការពារ​បរិស្ថាន​លើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពិសេស​ជួយ​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​គឺ​សំខាន់​ចាំបាច់​ណាស់​ដើម្បី​សុវត្ថិភាព​សហគមន៍​។​

​ជាមួយ​គ្នា​នោះ​ឯកឧត្តម​ វេជ្ជបណ្ឌិត​ ស៊ឹ​ម​ គឹ​ម​សាន​ តំណាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​មាន​ប្រសាសន៍​ថា​ ដោយសារ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​មានការ​យល់​ដឹង​ ចូលរួម​បង្ការ​ការពារ​បាន​ធ្វើ​ឱ្យ​ការ​រីក​រាលដាល​បញ្ហា​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​មានការ​ថយ​ចុះ​ ហើយ​នៅ​ខេត្តស្ទឹងត្រែង​នេះ​ដែរ​បើ​តាម​របាយការណ៍​អង្កេត​ឆ្នាំ​២០១៨​ មាន​អត្រា​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​បាន​ទទួល​សេវា​ព្យាបាល​មាន​ចំនួន​៤០០​នាក់​ ៕

ចំនួនអ្នកទស្សនា

    20566117

  • ថ្ងៃនេះ8511
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8511
  • ខែនេះ123661
  • ឆ្នាំនេះ123661
  • សរុប20566117