រតនគិរី៖ អ្នកម្ដាយបានត្រឹមអង្គុយយំ សោកស្ដាយកូនប្រុស ដែលបានស្លាប់ ក្នុងឆាកប្រយុទ្ធដ៏សាហាវមួយ រវាងមនុស្ស ២ក្រុម បានណាត់គ្នាទៅប្រយុទ្ធកន្លែងស្ងាត់។
ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង ៧នឹង៤៥នាទី យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមាត់បឹងកន្សែង ជ្រុងខាងលិច ស្ថិតក្នុងភូមិទេសអន្លង់ ក្រុងបានលុង ខេត្តរតនគិរី បណ្ដាលឲ្យយុវជនម្នាក់ឈ្មោះ អេង រដ្ឋា អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានលំនៅភូមិ ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បានបាត់បង់ជីវិត បន្ទាប់ពីក្រុមជនរងគ្រោះនិងក្រុមជនដៃដល់ បានប៉ះទង្គិចគ្នា។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មានយុវជន២ក្រុមបានណាត់គ្នាទៅប្រយុទ្ធនៅចំណុចខាងលើ គ្រានោះក្រុមជនដៃដល់ បានទៅដល់ចំណុចណាត់គ្នាមុន ហើយឈរត្រៀមចាំ ចំណែកខាងជនរងគ្រោះជិះម៉ូតូឌុបគ្នាទៅតាមក្រោយ ដល់កន្លែងណាត់ ក៏ឈប់ម៉ូតូដកកាំភ្លើងជ័រចេញពីចង្កេះ ស្រាប់តែភាគីម្ខាងទៀត(ជនដៃដល់)ឃើញដកកាំភ្លើង ក៏កាប់ទៅលើជនរងគ្រោះតែម្ដង។ ចំណែកអ្នកជិះម៉ូតូជាមួយជនរងគ្រោះ ឃើញគេកាប់ត្រូវដៃគូរខ្លួន ក៏ស្ទុះទៅដៃម្ខាងអោបជនរងគ្រោះ ដៃម្ខាងទៀតបើកម៉ូតូ សំដៅទៅមន្ទីរពេទ្យបង្អែកខេត្ត គ្រាដែលទៅដល់មន្ទីពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ប្រភពសមត្ថកិច្ច បានបង្ហើបទៀតថា រហូតដល់ថ្ងៃទី២៤នេះ សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនបានក្រុមជនដៃដល់នៅឡើយទេ បើទោះជាសមត្ថកិច្ចបានដឹងអត្តសញ្ញាណក្រុមជនដៃដល់មួយចំនួនហើយក៏ដោយ។ យ៉ាងណាមិញអ្នកដែលឌុបជនរងគ្រោះទៅមន្ទីរពេទ្យ និងត្រូវជាដៃគូរសពជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការហើយ ដើម្បីបន្តនីតិវិធី។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងនគរបាលអធិការក្រុងបានលុង កំពុងស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីឃាត់ខ្លួនក្រុមជនដៃដល់យកមកផ្ដន់ទាទោសតាមច្បាប់៕