កំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩និង១៥នាទី លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរងទទួលផែនការងារយែនឌ័រ តំណាងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អញ្ជើញទៅសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោក ក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ទោ ខេង សុភក្តិ បំរើការងារនៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្ទាប់មកលោកបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ កាល់ម៉ែត រាជធានីភ្នំពេញ ជាងមួយសប្ដាហ៍កន្លងមកដោយស្ថានភាពជំងឺ របស់លោក សុភក្តិ មានភាពធូរស្រាល ទើបលោកនិងគ្រួសាររបស់លោកបានសម្រេចចិត្តនាំលោកមកសម្រាកព្យាបាលជំងឺគេហដ្ឋានវិញម្ដង។
លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរងបាននាំយកប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ចំពោះលោក ខេង សុភក្តិ និងគ្រួសារ។ ដោយលោកស្នងការ មានភារកិច្ច ចាំបាច់ត្រូវបំពេញ ដូច្នេះហើយទើប លោកស្នងការនគរបាលខេត្តបានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរឆាប់ជាសះស្បើយពីជំងឺ ដើម្បីបន្តចូលរួមបំពេញភារកិច្ចជំនាញនិងកិច្ចការងារការពារ សន្តិសុខ សុវត្ថិភាពជូនសង្គមជាតិនិងប្រជាពលរដ្ឋផងដែរ តាមរយៈលោកលោកស្រីស្នងការរង។
លោកស្រីស្នងការរងបានបន្តមានមតិក្រោមការដឹករបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ជានិច្ចកាលលោកស្នងការ តាំងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់មន្ត្រី ក្រោមឱវាទទូទាំងខេត្តកំពង់ធំ ព្រមទាំងបានដាស់តឿនដល់ថ្នាក់ដឹកនាំជាលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោអធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវគ្រប់គ្រងកងកម្លាំងឲ្យមានប្រសិទ្ធភាព និងផ្ដល់ភាពកក់ក្ដៅ យល់ដឹងអំពីសុខទុក្ខ របស់កងកម្លាំងក្រោមឱវាទរបស់ខ្លួនបង្កើននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយបានរឹងមាំ ចេះជួយគ្នាទៅវិញទៅមក ពេលមានទុក្ខលំបាកនាគ្រាមានអាសន្នអន់ក្រ និងរងគ្រោះ ក្នុងហេតុការណ៍ផ្សេងៗជាដើម ដោយមិនត្រូវទុកអោយមន្ត្រីរូបណា មានជម្ងឺឈឺថ្កាត់ ដោយភាពឯកកោឡើយ។
លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរង បានមានមតិ សំណេះសំណាលនេះជាលើកទី ២ ដែលលោកស្រីបានសួសុខទុក្ខ លើកចិត្តចំពោះលោក ខេង សុភក្តិ។ ហើយលោកស្រីស្នងការរងបានណែនាំដល់អ្នកជំងឺ ត្រូវបន្តខិតខំ ថែទាំសុខភាព បរិភោគម្ហូបអាហារចម្អិនអោយបានឆ្អិនបានល្អ និងមានអនាម័យ សំរាកអោយបានគ្រប់គ្រាន់ក្នុងមុងជ្រលក់ថ្នាំ បន្តតាមដានត្រួតពិនិត្យសុខភាព តាមការណែនាំរបស់លោកគ្រូអ្នកគ្រូពេទ្យ ទើបឆាប់ជា សះស្បើយពីជំងឺ។
ឆ្លៀតក្នុងឱកាសនោះលោកស្រីស្នងការរង បានប្រគល់ថវិកាមួយចំនួន ដែលជាការឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ទោ ខេង សុភក្តិ បានថ្លែងអំំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងអស់លោក លោកស្រីស្នងការរង ដែលបានឆ្លៀតឱកាស ចំណាយពេលវេលា ដ៏មានតម្លៃ ចុះសួរសុខទុក្ខដល់គេហដ្ឋានរបស់លោក និងគោរពជូនពរសូមជួបប្រទះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជ័យជំនះគ្រប់ភារកិច្ច ៕