ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យលោកជំទាវ Maria Sargren ឯកអគ្គរាជទូតស៊ុយអែត ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានបន្តជួយដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយកម្ពុជាតែងតែលើកស្ទួយដល់ ទំនាក់ទំនងយូរអង្វែងរវាងកម្ពុជានិងស៊ុយអែត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ដែលស្តែងចេញតាមរយៈការសម្រេចបាននូវការចុះអនុស្សរណៈយោគយល់គ្នានិងកិច្ចព្រមព្រៀងមួយចំនូនដូចជា៖ កិច្ចព្រមព្រៀងរវាងស្ថានទូតស៊ុយអែតជាមួយវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា និងកិច្ចព្រមព្រៀងរវាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែតជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំង អនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងអង្គការហ្វ៊័ររឹមស៊ីឌ (Forum Syd) ជាដើម។
ជាការឆ្លើយតបវិញ លោកជំទាវឯកអគ្គរាជទូត បានសម្តែងអំណរគុណដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផ្ទាល់ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មាន ទំនាក់ទំនងដោយបើកចំហរប្រកបដោយផ្លែផ្កាជាមួយអង្គទូតនានានៅភ្នំពេញ ហើយលោកជំទាវក៏បានអបអរសាទរ នូវសមិទ្ធផលដ៏ត្រចះត្រចង់ដែលកម្ពុជាសម្រេចបាន ជាពិសេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងការសំរេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(MDGs)នាពេលកន្លងមក។
លោកជំទាវឯកអគ្គរាជទូត ក៏បានបញ្ជាក់ទៀតថា កម្ពុជានិងស៊ុយអែតមានទំនាក់ទំនងជាមួយគ្នាយូរមកហើយ ដោយចាប់ផ្តើមដំបូងស៊ុយអែត ជាប្រទេសផ្តល់ជំនួយ និងក្រោយមកបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។ ជាងនេះទៅទៀត លោកជំទាវឯកអគ្គរាជទូត ក៏បានឃើញនូវវឌ្ឍនភាព និងការខិតខំប្រឹងប្រែងយ៉ាងច្រើនរបស់កម្ពុជា នៅក្នុងវិស័យកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងស៊ុយអែត ដូចជា៖ សមភាពយេនឌ័រ សិទ្ធិមនុស្ស ការអប់រំ ការងារ បរិស្ថាន និងការបំរែបំរួលអាកាសធាតុជាដើម។ លោកជំទាវ បានលើកឡើងថា នៅពេលនេះ ស៊ុយអែតកំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៅកម្ពុជារយៈពេល៥ឆ្នាំ (២០២០-២០២៤) ពោលគឺការបន្តនូវរាល់កម្មវិធីសហប្រតិបត្តិការនានានៅពេលបច្ចុប្បន្ន និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ លោកជំទាវ ផ្តល់គុណតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាមួយចំនួនដែលលោកជំទាវធ្លាប់មានកន្លងមកនៅកម្ពុជា ហើយនេះក៏ជាបុព្វសិទ្ធិមួយដែលលោកជំទាវ បានមកបំពេញការងារនៅកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះការវាយតម្លៃរបស់លោកជំទាវឯកអគ្គរាជទូតទាក់ទងនឹងវឌ្ឍនភាពផ្សេងៗនៅកម្ពុជា ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីប្រវត្តិរបស់កម្ពុជាដែលបានឆ្លងកាត់ការលំបាកនានា រហូតសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃ។ ក្នុងនាមជាអ្នករស់រានមានជីវិតម្នាក់ពីរបបប្រល័យពូជសាសន៍ ឯកឧត្តម ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះអ្វីដែលកម្ពុជាទទួលបាននាពេលនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីជំនួយរបស់ស៊ុយអែតដល់ការបោសសំអាតមីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៤ ដែលត្រូវបានផ្អាករហូតដល់បច្ចុប្បន្ននេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ស៊ុយអែតនឹងពិចារណាបន្តឡើងវិញក្នុងការផ្តល់ជំនួយដល់វិស័យនេះ ដើម្បីជួយកម្ពុជាឱ្យសម្រេចបានគោលដៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ ក្រៅពីនេះ ដោយឃើញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវឯកអគ្គរាជទូត បានឯកភាពគ្នាបន្តខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានកម្រិតខ្ពស់ជាងមុន។ អំពីបញ្ហាសិទ្ធិមនុស្ស លោកជំទាវឯកអគ្គរាជទូត យល់ថាគ្មានប្រទេសណាមួយល្អឥតខ្ចោះនោះទេ ដូច្នេះការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា គួរផ្តោតលើទិដ្ឋភាពណាខ្លះដែលយើងអាចមានចំណុចរួមគ្នា។ ចំពោះវិស័យពាណិជ្ជកម្មវិញ លោកជំទាវកត់សម្គាល់ឃើញថា បច្ចេកវិទ្យារបស់ស៊ុយអែតអាចចូលរួមវិនិយោគនៅកម្ពុជា ជាពិសេសលើគម្រោងទីក្រុងឆ្លាតវៃ ការបម្លែងកាកសំណល់ធ្វើជាថាមពល និងបច្ចេកវិទ្យាបៃតង។ លោកជំទាវឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសន្ទនារវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយអង្គការមិនរដ្ឋាភិបាលបរទេស ដែលធ្វើកាលពីខែមករា ឆ្នាំ២០១៩ កន្លងមកនេះ ៕