ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានចូលរួមក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ» នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងសន្និសីទនោះ អ្នកនាំពាក្យក្រសួងការពារជាតិបានជម្រាបជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាថ្មីថា ព្រះរាជាណាចក្រកម្ពុជា មិនមានកិច្ចព្រមព្រៀងណាមួយជាមួយចិន ឱ្យមានមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេសនោះឡើយ។ ការផ្សព្វផ្សាយរបស់សារព័ត៌មានទាំងនោះ អំពីមូលដ្ឋានទ័ពបរទេស ឬកិច្ចព្រមព្រៀងឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ (Fake News) ដែលគ្មានវិជ្ជាជីវៈ ដែលហាក់មានចេតនាបំផ្លាញដល់សន្តិសុខរបស់កម្ពុជា និងអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ហើយថា ការចុះផ្សាយនេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតដើម្បីប្រឆាំងជាមួយកម្ពុជា ដោយសាររឿងមូលដ្ឋានទ័ពបរទេសនេះមិនអាចកើតឡើងទេ ព្រោះបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកក្នុងពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោល វាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជា បានចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា ដើម្បីជាលេសដាក់ទណ្ឌកម្មមកលើកម្ពុជា និងបម្រើឱ្យចរន្តនយោបាយណាមួយតែប៉ុណ្ណោះ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនដែរ ហើយក៏មិនបញ្ជូនកងទ័ពកម្ពុជា ទៅក្រៅប្រទេសនោះដែរ លើកលែងតែបេសកកម្មជាមួយអង្គការសហប្រជាជាតិតែមួយប៉ុណ្ណោះ។
ជាងនេះទៅទៀត ប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ ជីវភាពប្រជាពលរដ្ឋមានការអភិវឌ្ឍជាបន្តបន្ទាប់ដែលបានរំកិលពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតមិនត្រូវការវត្តមានកងទ័ពបរទេសណាមួយមកលើដីរបស់ខ្លួនឡើយ ហើយកងយោធពលខេមរភូមិន្ទ ពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ឡើយ។
ជាថ្មីម្តងទៀត ខ្ញុំសូមស្នើឱ្យក្រុមណាមួយដែលបំភ្លៃព័ត៌មានអំពីមូលដ្ឋានទ័ពបរទេសនៅកម្ពុជា គួរតែបញ្ឈប់ប្រឌិតរឿងដែលគ្មានមូលដ្ឋាននេះតទៅទៀត ហើយសារព័ត៌មានទាំងអស់ ក៏មិនត្រូវបន្ទរតាមព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខុសវិជ្ជាជីវៈរបស់ខ្លួននោះដែរ ៕