ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
ជាលទ្ធផលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលស្នើឡើងដោយរាជរដ្ឋាភិបាល មកពិនិត្យសិក្សា។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ដល់ គណៈ កម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈ កម្មាធិការ អិចន្ត្រៃយ៍រដ្ឋសភា វិញ។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់ជូនគណៈ កម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សាដោយសហការ ជាមួយ គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោ សនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
ជាមួយគ្នានេះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តលើសំណើសុំជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ចំនួន១រូប ជំនួស ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង និងផ្សព្វផ្សាយជាសាធារណៈ ជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕