ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការគួរសមពីសំណាក់ឯកឧត្ដម Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួននៅខែកក្កដា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីសំណាក់មិត្តចិន តាមរយៈឯកឧត្ដម Li An ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដោយបានតភ្ជាប់ទៅគ្រប់ច្រកល្ហក ខ្វាត់ខ្វែងដូចសរសៃរឈាមនៅក្នុងប្រទេស ក៏ដូចជាបានតភ្ជាប់ទៅនឹងប្រទេសជិតខាងក្នុងតំបន់អាស៊ានផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិមានលក្ខណៈរឹងមាំ និងមាននិរន្តរភាព ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរង្វង់៧%ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម Li An ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិរបស់ឯកឧត្ដម និងសូមជូនពរឯកឧត្ដម Li An ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មថ្មីលើទឹកដីប្រទេសឥណ្ឌូនេស៊ី។
ទន្ទឹមនឹងនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះឯកឧត្ដម Wu Guoquan ដែលនឹងមកជំនួសតំណែងជាទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម Wu Guoquan នឹងផ្ដល់កិច្ចសហការ និងគាំទ្រដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍគម្រោងអាទិភាពមួយចំនួនដូចជា៖ គម្រោងអភិវឌ្ឍន៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ គម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវដែក និងគម្រោងផ្លូវជាតិសំខាន់ៗមួយចំនួននៅកម្ពុជា៕