កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អមដំណើរដោយលោក Khairul Gadafi Kamaludin ទីប្រឹក្សាអមស្ថានទូត លោកស្រី Nora Azlinda Jaapar លេខាទីមួយ លោក Mohd Rizam Razman លេខាទីមួយ និងលោក Aidid Jamaludin ជាអនុព័ន្ធផ្នែកអន្តោប្រវេសន៍។
ជំនួបនេះបានផ្តោតការពិភាក្សាជាសំខាន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែនៅប្រទេសម៉ាឡេស៊ី និងការជំរុញឱ្យក្រុមហ៊ុនវិនិយោគិនម៉ាឡេស៊ីចូលមក វិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីម៉ាឡេស៊ី ដែលបានជួយឧបត្ថម្ភកំណល់រថភ្លើងប្រើប្រាស់ហើយ និងបានជម្រាបជូនថា៖ កម្ពុជានឹងស្នើសុំកំណល់រថភ្លើងបន្ថែមទៀត ដើម្បីកសាងផ្លូវដែកកម្ពុជាឱ្យមានសន្ទុះរីកចម្រើនទៅមុខ។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ពីរ ទីមួយទាក់ទងនឹងវិស័យអាកាសចរណ៍ស៊ីវិលដែលឯកឧត្តមទេសរដ្ឋមន្ត្រីជំរុញឱ្យពិភាក្សាផ្ទាល់ជាមួយអាកាសចរណ៍ស៊ីវិលកម្ពុជា និងទីពីរទាក់ទងនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីនឹងដឹកនាំគណប្រតិភូចុះទៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ ពិសេសដើម្បីឱ្យកំពង់ផែប្រទេសទាំងពីរបានសិក្សាស្វែងយល់គ្នាទៅវិញទៅមក និងសហការគ្នាបន្ថែមទៀតលើវិស័យនេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមឯកអគ្គរាជទូតបានសន្យាថានឹងជំរុញឱ្យវិនិយោគិន និងក្រុមហ៊ុនធំៗនៅម៉ាឡេស៊ី ដែលមានសមត្ថភាពកសាងផ្លូវថ្នល់ ពិសេសក្រុមហ៊ុនដែលកសាងផ្លូវថ្នល់ផ្អែកលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) មកធ្វើការសិក្សាស្វែងយល់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ប្រទេសម៉ាឡេស៊ី ដែលបានសហការជាមួយប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន៕