ព្រះសីហនុ៖ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២២នឹង៣០នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងកាល់តិចឃ្លាំងលើ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
ប្រភពពីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តសង្គ្រោះ មួយគ្រឿងម៉ាកTOYOTA ពណ៌ស ពាក់ស្លាកលេខ រដ្ឋ12 (2-0336) របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានបុកម៉ូតូ មួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1N-4125 បើកបរដោយឈ្មោះ អេង សុខេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូរថយន្ត មានទីលំនៅភូមិអូរស្លែង ឃុំដំណាក់កំទូតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានទិសដៅផ្ទុយគ្នា ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
ប្រភពដដែលបន្តថាក្រោយកើតហេតុសពសមត្ថកិច្ចបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាង រថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕