កំពង់ចាម៖ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការរងនគរបាលខេត្តកំពង់ចាម បានបញ្ជាផ្ទាល់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាបភ្លាមកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង១៦នឹង៣០នាទីនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន០៦កញ្ចប់ ប្រាក់ញុះញង់៨០,០០០៛ ម៉ូតូ០១គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
លុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ស្នងការ និងមានការឯកភាពពីលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងជំនាញអធិការខណ្ឌជ្រោយចង្វារ កម្លាំងជំនាញអធិការខណ្ឌច្បារអំពៅ និងប៉ុស្តិ៍ច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។
ជនសង្ស័យទាំង៦នាក់នោះរួមមាន៖ ១-ឈ្មោះប៊ុន ពណ៌ ភេទស្រី អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
២-ឈ្មោះខន ស្រីអូន ភេទស្រី អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៣-ឈ្មោះឈុន លីហ៊ួរ ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៤-ឈ្មោះអង សល់ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៥-ឈ្មោះកែវ ស៊ីណុន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៦-ឈ្មោះសុខ ស្រីមុំ ភេទស្រី អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន៖ ម្សៅសម៉ត់០៥កញ្ចប់ ថ្នាំទឹក២៨ដប ថ្នាំគ្រាប់(ពណ៌បៃតង៤៦គ្រាប់ ពណ៌ដី០១គ្រាប់ ពណ៌លឿង០២គ្រាប់) ម្សៅពណ៌ផ្ទៃមេឃ០១កញ្ចប់ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន១៣កញ្ចប់ (ធំ០១កញ្ចប់ កណ្តាល០១កញ្ចប់ តូច១១កញ្ចប់) ជញ្ជីង០១គ្រឿង ម៉ូតូ០១គ្រឿង និងទូរស័ព្ទ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕