ភ្នំពេញ៖ ស្ត្រីបុគ្គលិកណាហ្គាវើលម្នាក់ បានរងរបួសបែកមុខបែកមាត់ បែកក្បាល និង រលាត់ដៃរលាត់ជើង ខណៈពេលដែលកំពុងជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ចេញពីធ្វើការ ត្រលប់មកផ្ទះទាំងមេឃកំពុងភ្លៀងរលឹមស្រិចៗ តែបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរ៉ឺម៉កកង់បីមួយគ្រឿងបើកទ្វារមកប៉ះ បណ្ដាលឱ្យដួលអូសជិត១០ម៉ែត្រ ហើយបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍និងជួយសង្គ្រោះបឋម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោងជិត១២យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមដងផ្លូវជាតិលេខ២ ត្រង់ចំណុចជិតរ៉េនក្លឹប ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ សៀង សៅផៃ អាយុជាង៤០ឆ្នាំ បុគ្គលិកផ្នែកគិតលុយ រតនាគារណាហ្គាវើល (Treasury Cashier) មានទីលំនៅ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ស្ត្រីរងគ្រោះ បើកម៉ូតូមួយគ្រឿង ម៉ាកគុប (CUB) ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1O-5197 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនធម្មតាខណៈមេឃកំពុងភ្លៀងរលឹម លុះមកដល់ចំណុចកើតហេតុខណៈពេលកំពុងបើកម៉ូតូដោយមិនបានចាប់អារម្មណ៍ ស្រាប់តែកង់បីឥណ្ឌាមួយគ្រឿង ដែលឈប់ចតស្ងៀម ទម្លាក់ភ្ញៀវ បានបើកទ្វារកង់បី ទៅប៉ះម៉ូតូរបស់ស្ត្រីរងគ្រោះ បណ្ដាលឱ្យដួលតែម្នាក់ឯងអូសនឹងថ្នល់ជិត១០ម៉ែត្រ បណ្ដាលឲ្យរបួសបែកមុខបែកមាត់បែកក្បាល និងរលាត់ដៃរលាត់ជើងឈាមពេញខ្លួន ភ្លាមៗនោះឃើញសភាពមិនស្រួលកង់បីឥណ្ឌាដែលបង្កហេតុបានបន្ថែមល្បឿន បើករត់តាមច្រកផ្លូវបេតុង(ផ្សារក្រមួន) ឆ្ពោះទៅផ្លូវ៦០ម៉ែត្រគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែស្ត្រីរងគ្រោះ ដេកស្ដូកកណ្ដាលផ្លូវក្បែរម៉ូតូ ហើយបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះជួយសង្គ្រោះបឋម និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ចុះមកកន្លែងកើតហេតុ ហើយស្ត្រីរងគ្រោះមិនព្រមទៅមន្ទីរពេទ្យ ព្យាបាលរបួសសិនទេ ព្រោះព្រួយបារម្ភខ្លាចបាត់ម៉ូតូ ទើបសមត្ថកិច្ចសាកសួររក អាស័យដ្ឋានដើម្បីជួយជូនទៅផ្ទះផងដែរ។
មួយសន្ទុះក្រោយមកមានអ្នកបើកកង់បីឥណ្ឌាមួយគ្រឿងបានមកដល់ កន្លែងកើតហេតុ ហើយប្រាប់សមត្ថកិច្ចថា រូបគាត់បានដេញតាមកង់បីឥណ្ឌាមួយគ្រឿង ពណ៌សដែលឈប់ចតស្ងៀម ហើយភ្ញៀវដែលជិះពីក្រោយ បើកទ្វារកង់បីទៅប៉ះម៉ូតូរបស់ស្ត្រីរងគ្រោះ ហើយកង់បីឥណ្ឌានោះ ក៏បន្ថែមល្បឿនបើករត់តាមច្រកផ្លូវបេតុង (ផ្សារក្រមួន) ឆ្ពោះទៅផ្លូវ៦០ម៉ែត្រដើម្បីគេចខ្លួនទើបគាត់បើកដេញតាមពីក្រោយ ថតបានស្លាកលេខដែរពាក់ស្លាកលេខតាកែវ1A-7294ហើយក៏ត្រលប់មកវិញ ព្រោះព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុអស់ពេលជិត២ម៉ោងទំរាំតែស្ត្រីរងគ្រោះ ចងចាំលេខទូរស័ព្ទប្ដីនិងអោយសមត្ថកិច្ចទាក់ទងទៅប្រាប់ដំណើររឿងហេតុហើយ ទើបមួយសន្ទុះក្រោយមកបុរសជាប្ដីបានធ្វើដំណើរមកនាំប្រពន្ធត្រលប់ទៅផ្ទះវិញហើយ។ ចំណែកឯស្លាកលេខកង់បីឥណ្ឌា ពណ៌ស តាកែវ1A-7294 ដែលបង្កគ្រោះថ្នាក់ហើយគេចខ្លួនបាត់នោះសមត្ថកិច្ចរងចាំជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង សិន ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ រកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយអោយខានតែបាន ៕