ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួចអាវុធខ្លី និងទូរស័ព្ទដៃ នៅផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ មៀច ចន្ធូ ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ប៊ុន រដ្ឋា ហៅតួ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពិតប្រាកដ ស្នាក់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទុកអាវុធខ្លីម៉ាក CF-៩៨ លេខ០០៥៨៨៤ និងទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone ពណ៌ស ទុកនៅក្នុងថតតុ (ផ្ទះកើតហេតុ) ដោយពុំបានចាក់សោរទ្វារបន្ទប់ទេ រួចចេញទៅមើលកម្មករនៅខាងក្រៅ ស្រាប់តែជនសង្ស័យដើរចូលក្នុងផ្ទះជនរងគ្រោះ លួចអាវុធខ្លី និងទូរស័ព្ទដៃខាងលើរួចគេចខ្លួន។ លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងដកហូតអាវុធខ្លីមួយដើម (ម៉ាកខាងលើ), បង់មួយ និងគ្រាប់ចំនួន០៧គ្រាប់ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕