ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងបញ្ជាផ្ទាល់និងមានការសម្របសម្រួលពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនបុរសជនជាតិនីសេរីយ៉ា៣នាក់ និងដកហូតថ្នាំញៀនជាង២០គីឡូក្រាម។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចក្នុងផ្ទះសំណាក់យីហោ តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអធិការបន្តថាជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ទី១-ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុនទី២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន ២១កញ្ចប់ថង់ថ្លាស្ទីចពណ៌លឿង, លិខិតឆ្លងដែនចំនួន០៣ក្បាល, សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១),ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹក មាសចំនួន០១), ឯកសារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចយកមក សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕