ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤០២ ដ.ច.ន របស់ចៅក្រមស៊ើសួរ ហន សុខេមរិន ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ១៧ ផ្លូវលេខ៥ ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩នឹង៣០នាទី នៅចំណុចផ្លូវលំ ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។
លោកអធិការបន្តថា ជនសង្ស័យឈ្មោះ ទេព យិននូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីសាកសួរចម្លើយ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕