អភិបាលខេត្ត​រតនគិរី​ ជំរុញ​ឲ្យ​មន្ត្រី​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ ត្រូវធ្វើ​យ៉ាងណា​បង្កើន​សមត្ថភាព​

02-August-2019 | ដោយ ពលមនសិការ

​រតនគិរី​៖​ អភិបាលខេត្ត​រតនគិរី​ជំរុញ​ឲ្យ​មន្ត្រី​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ត្រូវធ្វើ​យ៉ាងណា​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

ការ​ជំរុញ​បែប​នេះ​ ឯកឧត្ដម​បាន​លើក​ឡើង​ក្នុង​ឱកាស​ ដែល​ឯកឧត្ដម​ ចូលរួម​ជា​អធិបតី​ ក្នុង​ពិ​ធ​សម្ភោ​ធ​ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ អគារ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ ដែល​ទើប​សាង​រួច​ កាលពី​រសៀល​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៩​ រ​ដ្ន​បាល​សាលាស្រុក​បរ​កែវ​ បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​អគារ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ នៃ​រដ្ឋបាល​ស្រុក​បរ​កែវ​ ខេត្តរតនគិរី​។​

​ពិធី​ខាង​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ណាប់​ ប៊ុ​ន​ហេង​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ ថង​ សា​វុន​ អភិបាលខេត្ត​រតនគិរី​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​ថ្នាក់​ខេត្ត​ ស្រុក​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ផង​ដែរ​។​

​លោក​ ហេង​ ប៊ុ​ន្នី​ អភិបាលស្រុក​បរ​កែវ​ បានឱ្យ​ដឹង​ថា​ អគារ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ស្រុក​បរ​កែវ​ មាន​បណ្ដោយ​២០​ម៉ែត្រ​ ទទឹង​១០​ម៉ែត្រ​ ចំណាយ​ថវិកា​សាងសង់​សរុប​អស់​៤​រយ​ ១៥​លាន​ ៦​សែន​ ១​ម៉ឺន​រៀល​ ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ ចាប់ពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៨​ និង​បាន​បញ្ចប់​ការ​សាងសង់​នា​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​បំពាក់​សម្ភារៈ​ការិយាល័យ​ និង​ដាក់​ឱ្យ​ដំណើរការ​នា​ឱកាស​នេះ​។​

​ឯកឧត្តម​ ថង​ សា​វុន​ អភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ ការ​បង្កើត​អគារ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ស្រុក​បរ​កែវ​ គឺជា​យន្តការ​ប្រមូលផ្តុំ​សេវា​សាធារណៈ​ ដែល​មានគុណ​ភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជា​ព​រដ្ឋ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ទាន់​ពេលវេលា​ មាន​តម្លាភាព​ និង​តាម​និ​តិ​វិធី​សាមញ្ញ​ ជា​ពិសេស​ គឺជា​កន្លែង​ប្រមូលផ្តុំ​សេវាកម្ម​ និង​នីតិវិធី​រដ្ឋបាល​នៅ​កន្លែង​តែ​មួយ​។​

​ឯកឧត្តម​ បាន​លើក​ឡើង​បន្ថែម​ថា​ កន្លង​មក​ ប្រជាពលរដ្ឋ​ស្នើ​សុំ​សេវាកម្ម​អ្វីមួយ​ ដែល​មានការ​ពាក់ព័ន្ធ​និង​សមត្ថកិច្ច​ច្រើន​ គឺ​ពួក​គាត់​ត្រូវ​ទៅ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សមត្ថកិច្ច​ច្រើន​កន្លែង​ ប៉ុន្តែ​ពេល​នេះ​ពួក​គាត់​ គ្រាន់តែ​ស្នើ​សុំ​សេវាកម្ម​ទាំងនេះ​ នៅ​ច្រក​ចេញចូល​តែ​មួយ​ជា​ការ​ស្រេច​។​ ម្យ៉ាងទៀត​ ការ​បំពេញ​ទម្រង់​បែបបទ​ និង​លិខិត​ផ្សេងៗ​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​សាមញ្ញ​ខ្លី​ ច្បាស់លាស់​ ងាយ​យល់​ ហើយ​មន្ត្រី​ផ្នែក​ជួរ​មុខ​នៃ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ ត្រូវ​ជួយ​បំពេញបែបបទ​ដល់​ប្រជាពលរដ្ឋ​ ដែល​មិន​ចេះអក្សរ​ដោយ​សេចក្តី​ពេញចិត្ត​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ អភិបាលខេត្ត​ បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ទាំងអស់​ ត្រូវ​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ដែល​មាន​ជំនាញ​ច្បាស់លាស់​ ជា​ពិសេស​ ត្រូវ​បណ្តុះបណ្តាល​ដល់​ពួក​គាត់​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ តម្លាភាព​ គណនេយ្យ​ភាព​ ច្បាស់លាស់​ និង​អាច​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​បាន​៕​


ចំនួនអ្នកទស្សនា

    20565877

  • ថ្ងៃនេះ8271
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8271
  • ខែនេះ123421
  • ឆ្នាំនេះ123421
  • សរុប20565877