ទាហាន​ថៃ​ ប្រមាណ​៣០​នាក់​ មាន​អាវុធ​ និង​កំ​បិត​វែង​ ចូល​មក​កាប់​បំផ្លាញ​ដំឡូង​មី​ ប្រជាពលរដ្ឋ​ តាម​បន្ទាត់​ព្រំដែន​

02-August-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ ក្នុង​ឆ្នាំ​២០១៩​នេះ​ ជា​លើក​ទី​២​ ហើយ​ដែល​ទាហាន​ថៃ​ ចូល​កាប់​ដំឡូង​មី​ប្រជាពលរដ្ឋ​កម្ពុជា​ តាម​បន្ទាត់​ព្រំដែន​អស់​ប្រមាណ​៥​ហិ​កតា​ ក្នុងភូមិ​សាស្ត្រ​ ខេត្តបន្ទាយមានជ័យ​។​

​ព័ត៌មាន​ទទួល​បាន​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ ថ្ងៃ​ទី​០១​ខែសីហា​ ឆ្នាំ​២០១៩​ មាន​ទាហាន​ថៃ​ ប្រមាណ​៣០​នាក់​មាន​អាវុធ​ និង​កំ​បិត​វែង​ បាន​ចូល​មក​កាប់​បំផ្លាញ​ដំឡូង​មី​ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​ ប្រមាណ​ជិត​៣​ហិ​កតា​ ដែល​កាប់​នៅ​ចំណុច​ច្រករបៀង​បឹង​ព្រីង​ ភូមិ​ថ្នល់បំបែក​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​នេះ​ជា​លើក​ទី​២​ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ដែល​ទាហាន​ថៃ​ ចូល​កាប់​បំផ្លាញ​ដំឡូង​មី​ ប្រជា​កសិករ​ខ្មែរ​ លើក​ទី​១​ កាប់​បំផ្លាញ​ដំឡូង​មី​ ដែល​កំពុង​ទទួលផល​អស់​២​ហិ​កតា​ កាលពីដើម​ឆ្នាំ​២០១៩​ បាន​យក​ត្រាក់ទ័រ​ឈូស​បំផ្លាញ​ នៅ​ចំណុច​ភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ និង​លើក​ទី​២​ កាប់​បំផ្លាញ​ដំឡូង​មី​ អស់​៣​ហិ​កតា​ ស្ថិត​ភូមិ​ថ្នល់​បទ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ឃួ​ន​ ជឿន​ មេ​បញ្ជា​យោធា​ការពារ​ព្រំដែន​គោក​លេខ​៥០៣​ បាន​ប្រាប់​ព្រឹក​ថ្ងៃ​ទី​០២​ ខែសីហា​ឆ្នាំ​២០១៩​ថា​ ទាហាន​ថៃ​ពិតជា​បាន​ចូល​មក​កាប់​បំផ្លាញ​ដំឡូង​មី​ប្រជា​កសិករ​ តាម​បន្ទាត់​ព្រំដែន​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ ដែល​កាប់​មាន​កន្លែង​ខ្លះ​កាប់​ចូល​ប្រមាណ​៥០​ម៉ែត្រ​ និង​ខ្លះ​ទៀត​២០​ទៅ​១០​ម៉ែត្រ​ ដែល​ចូល​មក​កាប់​ឃើញ​មាន​តម្រួតយោធា​ ឬ​(​ត​.​ឆ​.​ដ​)​ និង​ទាហាន​ឈុត​ខ្មៅ​ប្រមាណ​៣០​នាក់​ មាន​អាវុធ​ និង​កាំបិត​វែង​ចូល​មក​កាប់​បំផ្លាញ​។​

​លោក​បាន​បញ្ជាក់​ថា​ ទាហាន​ភាគី​ថៃ​ ដែល​ចូល​មក​កាប់​បំផ្លាញ​ដំឡូង​មី​ប្រជា​កសិករ​តាម​បន្ទាត់​ព្រំដែន​ ក្នុង​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ គឺជា​ការ​រំលោភ​ដែនដី​ និង​បូរណភាព​ទឹកដី​ និង​កិច្ចប្រជុំ​ គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ​ កន្លង​មក​រាល់​ការងារ​ព្រំដែន​មុន​ កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ពិ​ភ្សា​គ្នា​ជា​មុន​ និង​ការ​កាប់​បំផ្លាញ​ដែល​ខុស​រំលោភ​អធិប្បតេយ្យភាព​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ទោ​ ឈុ​ន​ ម៉ៅ​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ និង​ជា​មេបញ្ជាការ​ទិស​ទី​១​ ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ដែល​ទទួល​ព័ត៌មាន​បានដឹង​ទាហាន​ភាគី​ថៃ​ ប្រមាណ​៣០​នាក់​ ចូល​មក​កាប់​បំផ្លាញ​ដំឡូង​មី​ ប្រជា​កសិករ​តាម​បន្ទាត់​ព្រំដែន​ ក្នុងភូមិ​ថ្នល់​បទ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ កាល​រសៀល​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៩​ ហើយ​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​បាន​ទៅ​ហាមឃាត់​អោយ​បញ្ឈប់​សកម្មភាព​ដែល​កាប់​បំផ្លាញ​ដំឡូង​មី​ប្រមាណ​៣​ហិ​កតា​ ដែល​ជា​តំបន់​ព្រំដែន​ស​ក្នុង​ទឹកដី​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា​៖​នៅ​រសៀល​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ លោក​និង​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថាន​នៅ​ចំណុច​ដែល​ភាគី​ថៃ​ចូល​មក​កាប់​បំផ្លាញ​ដំឡូង​មី​ប្រជា​កសិករ​ក្នុង​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ៕​


ចំនួនអ្នកទស្សនា

    20565387

  • ថ្ងៃនេះ7781
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7781
  • ខែនេះ122931
  • ឆ្នាំនេះ122931
  • សរុប20565387