សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុករថយន្តបណ្តាលឱ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី នៅចំណុចភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោករវសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AF-6476 ប្រភេទដឹកអ្នកដំណើរធុនតូច អ្នកបើកបរឈ្មោះឥន សុភី ភេទប្រុសអាយុ៥៤ឆ្នាំ នៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ មានអ្នករួមដំណើរម្នាក់ឈ្មោះ សឿន ស្រីមុំ ភេទ ស្រី អាយុ៤៦ឆ្នាំ នៅភូមិទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទិសដៅពីលិចទៅកើត ពេលមកដល់កន្លែងកើតហេតុបានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-7022 ប្រភេទដឹកទំនិញធុនធំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅ ពីលិចទៅកើតក្រោយពេលកើតហេតុអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយរត់គេចខ្លួន។
ក្នុងករណីនេះបណ្តាលឲ្យស្លាប់អ្នករួមដំណើររថយន្តសាំងយ៉ុង ឈ្មោះ សឿន ស្រីមុំ។ ខូចខាត រថយន្តធ្ងន់២គ្រឿង។
មូលហេតុ រថយន្តសាំងយ៉ុងជែងខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕