សៀមរាប៖ លោកវរសនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦នេះថា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងខេត្តសៀមរាប។
លោកវរសនីយ៍ឯក មិន ចន្ថា បន្តថាករណីនេះម៉ូតូម៉ាកវ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1R-03 87 បើកបរដោយឈ្មោះ សន រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប(ស្លាប់) បានបើកបរម៉ូតូឌុបប្រពន្ធពីក្រោយឈ្មោះ កុយ រដ្ឋា អយុ ២២ឆ្នាំ(របួសធ្ងន់) បើកបរម៉ូតូមានទិសដៅពីលិចទៅកើតឆ្លងផ្លូវពីត្បូងទៅជើង បុកនិងម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1W-4719 បើកបរដោយឈ្មោះ ប៉ុន ធូ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទយស្រី ខេត្ដសៀមរាប(របួសធ្ងន់) បើកបរមានទិសដៅពីកើតទៅលិចបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ប្រុស របួសធ្ងន់២នាក់ស្រីម្នាក់ ប្រុសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យសឹងរិទ្ធីរ៉េត ម៉ូតូខូចខាតធ្ងន់២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាគង។ លោកបន្តថា មូលហេតុអ្នកបើកបរម៉ូតូវ៉េវ បើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ៕