សៀមរាប៖ សមត្ថកិច្ចមូលដ្ឋាននៃស្រុកអង្គរធំ បានឲ្យដឹងថា មានករណីបុរសម្នាក់មានជំងឺស្កន់ជាន់ ទៅបង់សំណាញ់ស្រាប់តែជំងឺរើឡើងប្រកាច់ក្នុងទឹកស្រះស្លាប់តែម្នាក់ឯង ។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៩ ស្ថិតនៅភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុក អង្គរធំ បានឲ្យដឹងថា មានករណីលង់ទឹកស្រះស្លាប់ដោយខ្លួនឯង ហើយជនរងគ្រោះមានជំងឺស្កន់ជាន់ផង។ ជនរងគ្រោះឈ្មោះ តាន់ ឆែម ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា ក្រោយទទួលបានព័ត៌មានជំនាញព្រហ្មទណ្ឌ និងជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៃអធិការដ្ឋានសហការជាមួយប៉ុស្ដិ៍ពាក់ស្នែងនិង គ្រូពេទ្យមណ្ឌលសុខភាពពាក់ស្នែង បានចុះទៅដល់កន្លែងកើតហេតុ។ក្រោយការពិនិត្យរបស់ជំនាញបច្ចេកទេស វិទ្យាសាស្ត្រពុំមានស្លាកស្នាមពាក់ព័ន្ធនិងបទល្មើសអ្វីនោះទេ។ក្រោយការត្រួតពិនិត្ររបស់គ្រូពេទ្យមណ្ឌលសុខភាពពាក់ស្នែងបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺស្កន់ជាន់ ព្រោះជនងគ្រោះមានប្រវត្តិមានជំងឺស្កន់។
សមត្ថកិច្ចបន្ថែមថា ក្រោយការបំភ្លឺប្រពន្ធជនរងគ្រោះឈ្មោះ ដុក អិន អាយុ ៤១រស់នៅភូមិឃុំកើតហេតុខាងលើ និងអ្នកជិតខាងបានរៀបរាប់ថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ គាត់បានដេញក្របីដល់ចំណុចទឹកស្រះខាងជើងឈៀងខាងកើតភូមិចំងាយពីផ្ទះប្រហែល២៥០ម៉ែត្រ ក៏ឃើញម៉ូតូនិង ស្បែកជើង និងខ្សែសំណាញ់ប្ដីគាត់នៅក្បែរមាត់ស្រះ មិនឃើញប្ដី ដោយមានការសង្ស័យក៏បានហៅអ្នកភូមិអោយជួយរក ពេលអ្នកភូមិចុះរាវរកក្នុងស្រះក៏ឃើញប្ដីគាត់បានលង់ទឹកស្លាប់បាត់ទៅហើយក៏នាំគ្នាលើកយកមកផ្ទះ និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យ ហើយគាត់គាត់បានបញ្ជាក់ថាប្ដីរបស់គាត់ជាមនុស្សមានជំងឺស្កន់ប្រចាំកាយ និងតែងមានអក្ការះប្រកាច់ជាញឹកញាប់មកហើយ ទើបនៅពេលដែលគាត់ទៅបង់សំណាញ់អាការះជំងឺរើឡើងបណ្ដាលឲ្យដួលស្លាប់ក្នុងទឹកតែម្ដងទៅ ពុំមានពាក់ព័ន្ធនិងបទល្មើសអ្វីនោះទេ។ បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យសពរួចក៏ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕