បន្ទាប់​ពី​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​ឆ្នាំ​២០១៩​ ប្រជាជន​កម្ពុជា​មាន​១៥.២៨៨.៤៨៩​នាក់​

07-August-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​២០១៩​ បាន​អញ្ជើញ​ជា​អធិបតី​ ពិធី​ប្រកាស​តួលេខ​បណ្ដោះអាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​ឆ្នាំ​២០១៩​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ៧​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៩​ ។​

​យោង​តាម​របាយការណ៍​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឆាយ​ ថន​ រដ្ឋមន្ត្រី​ក្រសួងផែនការ​ ប្រជាជន​កម្ពុ​ជានា​ម៉ោង​សូន្យ​ ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៩​ មាន​១៥.២៨៨.៤៨៩​នាក់​ ក្នុង​នោះ​ប្រុស​៧.៤១៨.៥៧៧​នាក់​ និង​ស្រី​ ៧.៨៦៩.៩១២​នាក់​។​ ចំនួន​នេះ​បើ​គិត​ជា​ដង់ស៊ីតេ​ប្រជាជន​ គឺ​ ៨៦​នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​ ច្រើន​ជាង​ឆ្នាំ​២០០៨​ ដែល​មាន​តែ​៧៥​នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​។​

​បន្ទាប់​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩​ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គពិធី​ ដោយ​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បាន​សម្ដែង​ក្ដី​រីករាយ​យ៉ាង​ក្រៃ​លែង​ដែល​បាន​ចូលរួម​ពិធី​ប្រកាស​តួលេខ​ជំរឿន​នៅ​ថ្ងៃនេះ​ បន្ទាប់​ពី​ការងារ​នេះ​បាន​ទទួល​ជោគជ័យ​យ៉ាង​ក្រៃ​លែង​។​

​ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩​ សម្ដេច​ក្រឡាហោម​ បាន​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ក្នុង​ស្មារតី​សហការ​ និង​ទទួលខុសត្រូវ​របស់​មន្ត្រី​ជំរឿន​គ្រប់​ថ្នាក់​ អាជ្ញាធរ​ស្រុកភូមិ​ឃុំ​ មន្ត្រី​នគរបាល​ ក្រសួង​ ស្ថាន​ប័ន​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​ចូលរួម​សហការ​ធ្វើ​ឲ្យ​ការងារ​ជំរឿន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ថ្លែងអំណរគុណ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកាជាតិ​សម្រាប់​អនុវត្ត​ការងារ​ជំរឿន​ និង​ថ្លែងអំណរគុណ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​UNFPA​ សហគមន៍​អឺរ៉ុប​ អង្គការ​SIDA​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់​GIZ​ ដែល​បាន​ផ្ដល់​ជំនួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ សម្ភារៈ​ និង​មធ្យោបាយ​ក្នុង​ការងារ​ជំរឿន​នេះ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​គូសបញ្ជាក់​ថា​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩​នេះ​ គឺជា​លើក​ទី​៤​ ចាប់តាំងពី​ឆ្នាំ​១៩៦២​ ឆ្នាំ​១៩៩៨​ និង​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៨​។​

​សម្ដេច​បន្ត​ថា​ទិន្នន័យ​ជំរឿន​ មាន​សារៈសំខាន់​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍន៍​ និង​អ្នក​ប្រើប្រាស់​ទាំងឡាយ​ ធ្វើ​សេចក្ដី​សម្រេចចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ ក្នុង​ការ​កសាង​ផែនការ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​សម្ដេច​ក្រឡាហោម​ បាន​បន្ត​សង្កត់ធ្ងន់​ថា​ តាម​រយៈ​ការងារ​ជំរឿន​ប្រជាជន​ដែល​ជា​ការងារ​ជាតិ​ដ៏​ធំធេង​ មាន​សារៈសំខាន់​បំផុត​ និង​មាន​ចរិត​ប្រវត្តិសាស្ត្រ​នេះ​ នៅ​ឆ្នាំ​២០២០​ ការងារ​នេះ​នឹង​នាំ​មក​នូវ​ព័ត៌មាន​អំពី​ចំនួន​ប្រជាជន​ និង​ចរិតលក្ខណៈ​ប្រជាជន​សំខាន់ៗ​ជា​លម្អិត​ តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ភូមិ​ និង​កាន់តែ​ក្លាយជា​បង្អែក​នៃ​អ្នក​រៀបចំ​គោលនយោបាយ​ កម្មវិធី​ សកម្មភាព​ ការ​គ្រប់គ្រង​រដ្ឋបាល​ និង​ការ​សម្រេចចិត្ត​នានា​។​

​ផ្អែ​លើក​តួលេខ​នៃ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩​ សម្ដេច​ក្រឡាហោម​ បាន​មាន​ប្រសាសន៍​ថា​ចំនួន​ប្រជាជន​កម្រិត​ថ្នាក់​ជាតិ​មាន​និន្នាការ​កើនឡើង​យឺត​ ដោយសារ​អត្រា​ផ្ដល់​កំណើត​ និង​អត្រាកំណើន​ប្រជាជន​បាន​ថយ​ចុះ​ស្រប​តាម​ការ​ព្យាករណ៍​ដែល​បាន​រំពឹង​ទុក​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ក៏​អត្រា​នេះ​នៅ​ខ្ពស់​ បើ​ប្រៀបធៀប​ជាមួយ​អត្រាកំណើន​មធ្យម​នៅ​អាស៊ី​អាគ្នេយ៍​ដែរ​។​

​សម្ដេច​បាន​បន្ត​ទៀត​ថា​ លទ្ធផល​ជំរឿន​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា​រាជធានី​ភ្នំពេញ​មាន​ប្រជាជន​ច្រើន​ជាងគេ​ គឺ​រហូត​ដល់​២១២៩៣៧១​នាក់​ ខណៈ​ខេត្ត​កែប​មាន​ប្រជាជន​តិច​ជាងគេ​បំផុត​ គឺ​ត្រឹមតែ​៤១៧៩៨​នាក់​ប៉ុណ្ណោះ​ ស្រប​ពេល​ដែល​ដង់ស៊ីតេ​ប្រជា​ជាន​មានការ​កើនឡើង​ពី​៧៥​នាក់​នៅ​ឆ្នាំ​២០០៨​ មក​៨៦​នាក់​នៅ​ឆ្នាំ​២០១៩​ ក្នុង​មួយ​គីឡូ​ម៉េ​ត្រ​កា​រ៉េ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បន្ថែម​ទៀត​ថា​ តួលេខ​បណ្ដោះអាសន្ន​នៃ​ជំរឿន​ក៏​បាន​បង្ហាញ​ថា​ មាន​ប្រជាជន​ជិត​៥០​ភាគរយ​រស់នៅ​តំបន់​ទំនាប​កណ្ដាល​ ដោយសារ​តែ​តំបន់​នេះ​ប្រមូលផ្ដុំ​ដោយ​ខេត្ត​ធំៗ​ និង​មាន​សក្ដានុពល​ខ្ពស់​ ៣១,៤​ភាគរយ​រស់នៅ​តំបន់​ទន្លេសាប​ ១២,៧​ភាគរយ​រស់នៅ​តំបន់​ភ្នំ​ និង​ខ្ពង់រាប​ និង​៦,៩​ភាគរយ​រស់នៅ​តំបន់​សមុទ្រ​។​

​មុន​នឹង​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩​ បាន​អំពាវនាវ​ដល់​មន្ត្រី​ទាំងអស់​ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​សកម្មភាព​ទាំងអស់​នៃ​ការ​ធ្វើ​ជំរឿន​ យកចិត្តទុកដាក់​អនុវត្ត​ការងារ​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កែ​ច្នៃ​ទិន្នន័យ​នៃ​ការ​ធ្វើ​ជំរឿន​ ការ​វិភាគ​ និង​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​ជំរឿន​បាន​ទាន់​ពេលវេលា​៕


ចំនួនអ្នកទស្សនា

    20562737

  • ថ្ងៃនេះ5131
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5131
  • ខែនេះ120281
  • ឆ្នាំនេះ120281
  • សរុប20562737