ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១នឹង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនញ៉ូហ្សេឡិន ចំនួន០២នាក់(ស្រី០១នាក់) ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរអនាថាតាមទីសាធារណៈ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថាជនបរទេសទី១.ឈ្មោះ ZURI FREEMAN ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិញ៉ូហ្សេឡិន ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧.០៥.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងទី២.ឈ្មោះ FREEMAN JAEGER WILLIAM ORVY ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិញ៉ូហ្សេឡិន (ទិដ្ឋាការផុតកំណត់ថ្ងៃទី០៧.០៧.២០១៩) ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧.០៥.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
លោកនាយការិយាល័យបន្តថាក្រោយសាកសួរ កម្លាំងនគរបាលបានបញ្ជូនជនបរទេសខាងលើទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត ៕