ក្រចេះ៖ ជនដៃដល់ជាប្តី ដែលបានធ្វើសកម្មភាពកាប់ សម្លាប់ប្រពន្ឋយ៉ាងសាហាវព្រៃផ្សៃ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចទម្លាក់សាកសពចូលក្នុងប្រឡាយទឹកក្បែរផ្ទះ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ហើយគេចខ្លួននោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលស្រុកសំបូរ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី៧ ខែសីហា ក្រោយពីជននេះរត់គេចខ្លួនបានរយះពេល១ថ្ងៃទៅសម្ងំលាក់ខ្លួននៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ។
ជនដៃដល់រូបនេះឈ្មោះ សំ សុភ័ត្រា ហៅភក្រ័ អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពកាប់សម្លាប់ទៅលើរងគ្រោះជាប្រពន្ឋឈ្មោះ គង់ ស្រីទូច អាយុ២៧ឆ្នាំ ដោយប្រើកាំបិតផ្គាក់កាប់ស្ទើរដាច់.ក បណ្តាលឱ្យស្លាប់នៅនិងកន្លែង កាលពីយប់ថ្ងៃទី៥ខែសីហា នៅពេលដែលស្ត្រីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមវិញ។
ជុំវិញអំពើឃាតកម្មរវាងប្តីដៃឆៅ ប្រើកាំបិតកាប់សម្លាប់លើស្ត្រីជាប្រពន្ឋ បណ្តាលឱ្យស្លាប់ ដោយបន្សល់ទុកឱ្យមានកូនប្រុសស្រីតូចៗពីរនាក់ឱ្យរស់នៅកំព្រាជាមួយនិងជីដូននេះ ក៏ត្រូវបានអ្នកនៅក្នុងភូមិទម្លាយថា មូលហេតុគឺអាចបណ្តាលមកពីការប្រចណ្ឌរវាង ជនដៃដល់ជាប្តីទៅលើស្ត្រីរងគ្រោះជាប្រពន្ឋ។ ព្រោះថាកន្លងមកគ្រួសារមួយនេះ តែងតែមានភាពរកាំរកូស រស់នៅមិនចុះសម្រុងនិងគ្នាដោយស្ត្រីជាប្រពន្ឋបានដាក់ពាក្យលែងលះគ្នារយះ ពេលយូរមកហើយ តែនៅមិនទាន់ដាច់ស្រេចក៏ដោយសារជនជាប្តីមិនព្រមលែង។
អ្នកភូមិក្បែរខាងថា រាល់ពេលឈ្លោះទាស់ទែងគ្នា ជនកំណាចជាប្តីតែងតែប្រើពាក្យ គំរាមលើស្ត្រីជាប្រពន្ឋថា បើនណាហ៊ានយកនាងធ្វើប្រពន្ឋគេនិងសម្លាប់ចោល។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់នគរបាលថា រូបគេបានរៀបគំរោងសម្លាប់ស្ត្រីរងគ្រោះ ជាច្រើនថ្ងៃមកហើយ ដោយសារស្ត្រីរងគ្រោះជាប្រពន្ឋ លួចទៅមានប្រុសថ្មី នឹងបានដាក់ពាក្យសុំលេងលះគ្នា តែជនដៃដល់ជាប្តីមិនព្រមលែង។ នៅថ្ងៃកើតហេតុ រូបគេបានប្រើកាំបិតផ្គាក់យ៉ាងមុត ស្ទាក់ចាំកាប់ប្រហារជាច្រើនកាំបិត មកលើស្ត្រីជាប្រពន្ឋជាច្រើនកាំបិត បណ្តាលឱ្យត្រូវចំកខាងក្រោយ និងខាងមុខនៅពេលស្ត្រីរងគ្រោះ កំពុងតែជិះម៉ូតូម្នាក់ឯងត្រឡប់មកពីផ្សារទិញបង្អែមមកជិតដល់ផ្ទះវិញ។ ក្រោយការខ្លួន ជនដៃដល់ត្រូវបាននាំមកស្នងការនករបាលខេត្ត និងកំពុងសាសួរ បន្តនីតិវិធី៕