បុរសម្នាក់ដែលជាប់នៅគន្លាតថ្មនោះ មិនទាន់យកចេញបាននៅឡើយទេ តែបានជិត១០០%ហើយ

07-August-2019 | ដោយ ពលមនសិការ

បាត់ដំបង៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានឱ្យដឹងថាបុរសម្នាក់ដែលជាប់នៅគន្លាតថ្មនោះ មិនទាន់យកចេញបាននៅឡើយទេ តែបានជិត១០០%ហើយ ដោយនៅជាប់តែត្រង់ក្រគៀកតែបន្តិចទៀតទេ។

បុរសម្នាក់បានរអិលជើងធ្លាក់គាបជាប់និងជម្លៀតថ្មខណៈឡើងភ្នំកើបយកអាចម៍ប្រជៀវបង្កការភ្ញាក់ផ្អើលនិងត្រូវបានជួយសង្គ្រោះ។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីប្រលប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចរូងភ្នំហុងទឹក ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ស៊ុម បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 យោងតាមការរៀបរាប់ពីម្តាយជនរងគ្រោះខាងលើបានអោយដឹងថា នៅមុនថ្ងៃកើតហេតុនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៥ព្រឹក កូនប្រុសរបស់គាត់បានចេញបាត់ពីផ្ទះអស់រយៈពេល០៣ថ្ងៃ ក្រោយមកពួកគាត់មានការឆោឡោដើរករហូតមកដល់វេលាម៉ោង១០យប់ នៅថ្ងៃទី០៦ ខែសីហា ទើបប្រទះឃើញកូនគៀបជាប់ក្នុងរូងភ្នំ។

លោកវរសេនីយ៍ទោ សារ៉េត ពិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់ផងដែរថា រហូតមកដល់វេលាម៉ោង១១និង១០នាទី ថ្ងៃទី០៧ ខែសីហា នេះជនរងគ្រោះខាងលើកំពុងគៀបជាប់នៅនិងជម្លៀតថ្មលើភ្នំនៅឡើយទេ ដែលក្រុមការងារក៏ដូចជាមន្ត្រីជំនាញផ្សេងទៀតកំពុងរិះរកមធ្យោបាយណាមួយដើម្បីជួយសង្គ្រោះរំដោះយកជនរងគ្រោះចេញមកវិញ។

គួរបញ្ជាក់ថា បើយោងតាមការរៀបរាប់បញ្ជាក់ពីជនរងគ្រោះផ្តល់មកកាន់សមត្ថកិច្ចនិងក្រុមគ្រួសារ ថាខ្លួនបានឡើងមកកើបអាចម៍ប្រជៀវភ្លាមនោះក៏បានជ្រុះកែវពិលរបូតធ្លាក់ ហើយខ្លួនបានដើររកក៍រអិលជើងធ្លាក់ជាប់ក្នុងជម្លៀតថ្មភ្នំដកខ្លួនមិនរួចតែម្តង ៕

 

ចំនួនអ្នកទស្សនា

    20563997

  • ថ្ងៃនេះ6391
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6391
  • ខែនេះ121541
  • ឆ្នាំនេះ121541
  • សរុប20563997