ព្រះសីហនុ៖ សមត្ថកិច្ចក្រុងព្រះសីហនុឱ្យដឹងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធ បានស្លាប់ដោយសាររលំបាក់របងសង្កត់លើនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកទី០៩ ខែសីហា ឆ្នាំ២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨សីហា២០១៩។
ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វើការជាកម្មករសំណង់ ក្នុងនោះបុរសជាប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និង ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ មានមនុស្ស៣នាក់ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះ ក្រៅពីជនរងគ្រោះទាំង២នាក់ នៅក្រុងព្រះសីហនុក៏មានជនរងគ្រោះម្នាក់ទៀតជាមេការជនជាតិចិន ឈ្មោះ ឆៃ គ័រឈីង ភេទប្រុស អាយុ៤៥ឆ្នាំ ក៏បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នានៅឃុំបិតត្រាំង ស្រុកព្រៃនប់។
អាជ្ញាធរខេត្តព្រះសីហនុ ក៏បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយ័ត្ន ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងដែលប្រឈមខ្លាំង ស្របពេលដែលវិធានការសង្គ្រោះនានាកំពុងធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៕