លោកគ្រូពេទ្យស្ទើរភ្លើងម្នាក់ ដាក់សេរ៉ូមមួយផ្លោក ឱ្យថ្នាំលេខ៣មុខផ្សេងគ្នា បណ្តាលឱ្យស្ត្រីម្នាក់ ប្រតិកម្មថ្នាំស្លាប់

12-August-2019 | ដោយ ពលមនសិការ

ឧត្ដរមានជ័យ​៖​ លោកគ្រូ​ពេទ្យ​ស្ទើរភ្លើង​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ​ ឃាត់ខ្លួន​ក្រោយ​ពី​ព្យាបាល​ស្ត្រី​ម្នាក់​ បណ្ដាល​ឲ្យ​ស្លាប់​ កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឈូក​ ម៉ៅ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ ភូមិ​ជ្រឹង​ខាងលិច​ សង្កាត់​កូន​ក្រៀរ​ ក្រុង​សំរោង​ ខេត្តឧត្ដរមានជ័យ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ សឿង​ ប៊ុ​ន​រិ​ទ្ធ​ អាយុ​ ៦១​ឆ្នាំ​ រស់នៅ​ភូមិ​/​ឃុំ​ ជាមួយ​គ្នា​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១០​ សីហា​ វេលា​ម៉ោង​ ១​រសៀល​ ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ បាន​ហៅ​ជនសង្ស័យ​ ដែល​ប្រកប​របរ​ពេទ្យ​ចាក់​ថ្នាំ​តាម​ភូមិ​ ឲ្យ​មក​មើលជំងឺ​កូន​ របស់​ខ្លួន​ ដែល​មាន​ជំងឺ​អ្នក​ភូមិ​ ហៅ​ថា​ជំងឺ​ទាស់សរសៃ​ ដោយ​ជនសង្ស័យ​ បាន​ដាក់​សេរ៉ូម​ ឲ្យ​ជន​រង​គ្រោះ​ លុះ​ ម៉ោង​ប្រហែល​៤​រសៀល​ ក៏​អស់​សេរ៉ូម​។​ បន្ទាប់​មក​នៅ​ ម៉ោង​៦​ល្ងាច​ជនសង្ស័យ​បាន​ឲ្យ​អ្នកជំងឺ​លេបថ្នាំ​ចំនួន​០៣​ មុខ​ផ្សេង​គ្នា​ លុះ​មក​ដល់​ម៉ោង​៧​និង​៤៥​នាទី​ អ្នកជំងឺ​បាន​ ប្រកាច់​ស្លាប់​តែ​ម្ដង​។​

​បន្ទាប់​ទទួល​ព័ត៌មាន​នេះ​ មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជូន​ គ្រូពេទ្យ​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កូន​គ្រៀល​ ទៅ​ដល់​កន្លែង​កើតហេតុ​ ពិនិត្យ​បច្ចេកទេស​ ក្នុង​ការ​ព្យាបាល​រក​ឃើញ​ថា​ជនសង្ស័យ​ ប្រកប​របរ​ដើរ​ចាក់​ថ្នាំ​ក្នុងភូមិ​ពុំ​មាន​សញ្ញាប័ត្រ​ បញ្ជាក់​ថា​មាន​វិជ្ជាជីវៈ​ជា​ពេទ្យ​នោះ​ទេ​ និង​ពុំ​មាន​អាជ្ញាប័ណ្ណ​ ពី​ក្រសួង​ ឬ​ពី​មន្ទីរ​សុខាភិបាល​នោះ​ ដែរ​។​

​អ្នកជំងឺ​ស្លាប់​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​Glugose​ និង​ Vitamin​ Becom-plex​ ដែល​មាន​សារធាតុ​B1​លើស​ចំណុះ​ បណ្តាល​ឲ្យ​ប្រតិកម្ម​ និង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​។​ ដោយ​មានការ​សម្របសម្រួល​ ក្នុង​កិច្ច​ប្រតិបត្តិការ​ពី​លោក​ កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​សមត្ថកិច្ច​ បាន​ឃាត់​ ខ្លួន​ជនសង្ស័យ​នៅ​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​១១​ សីហា​។​​ ​បច្ចុប្បន្ន​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​តុលាការ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20562777

  • ថ្ងៃនេះ5171
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5171
  • ខែនេះ120321
  • ឆ្នាំនេះ120321
  • សរុប20562777