ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១០៨រូប ដើម្បីបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។
មុនដំណើរការសម័យប្រជុំ អង្គសភាបានជ្រើសតាំងសមាសភាព លេខាធិការសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ចំនួនបីរូប ដែលមាន៖១- ឯកឧត្តម ចាយ បូរិន, ២- ឯកឧត្តម ម៉ូត យូសុះ, ៣- ឯកឧត្តម សួស យ៉ារ៉ា។
ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាគឺ អង្គសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ាឌី ជាប់ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ដោយទទួលបានសន្លឹកឆ្នោតយល់ព្រម ចំនួន ១០៩សំឡេង ៕