សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដឹកនាំ​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​ នីតិកាល​ទី​៤

12-August-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នា​ថ្ងៃ​ចន្ទ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​ ព្រឹក​ ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​ ៥៦​រូប​។​

​អង្គប្រជុំ​ បាន​ដំណើរការ​តាម​របៀបវារៈ​ចំនួន​ ០២​រួម​មាន​៖
​របៀបវារៈ​ទី​១៖​ ការ​ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី​ នីតិកាល​ទី​៤​។​

​យោង​តាម​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ នា​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩​ និង​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​ នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៩​ បាន​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី​ សម្រាប់​នីតិកាល​ទី​៤​ ចំនួន​ ០៣​រូប​ ដូច​ខាងក្រោម​៖
១.​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ ប្រី​យ​សោ​ភ័​ណ្ឌ​ ជា​សមាជិក​ព្រឹទ្ធសភា​ ចាត់តាំង​ដោយ​ព្រះមហាក្សត្រ​ ជំនួស​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណរស្មី​ ដែល​បាន​សុំ​លាឈប់​ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ។​
២.​ ឯកឧត្តម​ ញ៉ូ​វ​ សុង​ ជា​សមាជិក​ព្រឹទ្ធសភា​ មណ្ឌល​ភូមិភាគ​ទី​៧​ (​ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់​ ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​)​ ជំនួស​ ឯកឧត្តម​ ឡាយ​ អ៊ី​ពិ​សិទ្ធ​ ដែល​បាន​ទទួលមរណភាព​។​
៣.​ ឯកឧត្តម​ ឡៅ​ ឆ​ន​ ជា​សមាជិក​ព្រឹទ្ធសភា​ មណ្ឌល​ភូមិភាគ​ទី​៤​ (​ខេត្តបាត់ដំបង​ ខេត្តបន្ទាយមានជ័យ​ ខេត្តសៀមរាប​ ខេត្តឧត្តរមានជ័យ​ និង​ខេត្ត​ប៉ៃលិន​)​ ជំនួស​ លោក​ជំទាវ​ ស៊ឹង​ ស៊ី​យុ​ត​ ដែល​បាន​ទទួលមរណភាព​។​
​សមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំង​ ០៣​រូប​នេះ​ ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់​តំណែង​។​

​របៀបវារៈ​ទី​២៖​ ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​ ០១​រូប​ សម្រាប់​ជំនួស​សមាជិក​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​។​

​ដោយ​អនុលោម​តាម​មាត្រា​៤​ និង​មាត្រា​៥​ នៃ​ច្បាប់​ស្តី​ពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​យោង​លិខិត​លេខ​៖​ ១៣៥៩​ ក​យ​.​រប​/១៩​ចុះ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បាន​ស្នើ​សុំ​ឱ្យ​ព្រឹទ្ធសភា​ជ្រើសរើស​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​ ០១​រូប​ ​ជំនួស​ ឯកឧត្តម​ អ៊ុំ​ សា​រិ​ទ្ធ​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​ បាន​បោះ​ឆ្នោត​ជ្រើសតាំង​ ឯកឧត្តម​ អ៊ុំ​ សា​រិ​ទ្ធ​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន​ ៥០​សំឡេង​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ ៕

 

ចំនួនអ្នកទស្សនា

    20562627

  • ថ្ងៃនេះ5021
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5021
  • ខែនេះ120171
  • ឆ្នាំនេះ120171
  • សរុប20562627