មេឃពិតជាលម្អៀងមែន នៅខេត្តសៀមរាប ជួបគ្រោះរាំងស្ងួត ឯនៅខេត្តព្រះសីហនុ រងការជន់លិច

12-August-2019 | ដោយ ពលមនសិការ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះថា ស្រុកមួយចំនួននៅប៉ែកខាងលិច នៃខេត្តសៀមរាប កំពុងតែជួបកូនរដូវប្រាំង ដែលអូសបន្លាយយូរធ្វើឲ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតាបានស្វិត និងងាប់ជាបណ្តើរៗហើយ។ តែបើសិនជាមួយសប្តាហ៍ទៀតមានភ្លៀងធ្លាក់ស្រូវមួយចំនួនធំអាចសង្គ្រោះបាន ប៉ុន្តែបើភ្លៀងនៅតែមិនបន្តធ្លាក់ទៀតទេនោះ ស្រូវជាច្រើនអាចនឹងខូចខាតទាំងស្រុង។

 អាជ្ញាធរស្រុកពួក បានឲ្យដឹងថាស្រូវរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺនៅឃុំសរសស្តម្ភ,ឃុំព្រៃជ្រូក,ឃុំយាង,ឃុំក្តីរុន និងឃុំមួយចំនួនទៀតផងដែរ។ ឥឡូវនៅសង្ឃឹមតែមេឃទេ បើមិនមានភ្លៀងធ្លាក់មកទេស្រូវនឹងងាប់។ ចំណែកអាជ្ញាធរស្រុកក្រឡាញ់ ក៏បានឲ្យដឹងដែរថា ឃុំសែនសុខ,ឃុំស្នូល ,ឃុំរោងគោ ឃុំស្នូល និងស្ទើរគ្រប់តែឃុំ បានរងនូវការខូចខាត។    

លោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាប នឹងជាអ្នកនាំពាក្យ របស់សាលាខេត្ត បានមានប្រសាសន៍ថា ស្រុកដែលមានស្រូវរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺមានស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ នៅប៉ែកខាងលិចនៃខេ្តសៀមរាប។

លោកបន្តថា គ្រោះរាំងស្ងួតនេះ អាជ្ញាធរខេត្តបានប្រើប្រាស់មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះ គឺបានសម្រាប់តែស្រែដែលមានប្រព័ន្ធធារាស្រ្តធំៗនៅជិតប៉ុណ្ណោះ សម្រាប់ស្រែដែលគ្មានប្រភពទឹកនៅជិត យើងមិនអាចជួយបាននោះទេ ដោយមានតែរងចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ។

លោកបន្តថា ក្រៅពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរខេត្តសៀមរាបកន្លងទៅក៏បាននាំយកស្រូវពូជចំនួន២៩តោន ទៅចែកជូនដល់ប្រជាកសិករចំនួន៥៤០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកពួកខេត្តសៀមរាប ដែលជាស្រុករងគ្រោះរាំងស្ងួតច្រើនជាងគេ។ ពូជស្រូវទាំងនេះ ត្រូវបានចាត់ចែងផលិតដោយកសិដ្ឋានទួលសំរោង មានគុណភាពបន្សុទ្ធពូជមិនទាបជាង៩៥% ធានាការដំណុះគ្រប់គ្រាប់មិនទាបជាង៨០% នោះឡើយ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ដំណាំស្រូវរងផលប៉ះពាល់ទូទាំងខេត្តមាន១៥ពាន់ ៣៨ ហិកតា ស្រូវស្រាល៥ពាន់១៧៣ហិកតា ស្រូវកណ្តាល៨ពាន់៩៤៧ហិកតា ស្រូវធ្ងន់១ពាន់៦៥២ហិកតា ស្រូវចំការ១៦៦ហិកតា-លើ៨ស្រុក មាន៤៧ឃុំ និង៣០៥ភូមិ មានគ្រួសាររងគ្រោះ១៧ពាន់៩៥៦គ្រួសារ។

ក្នុងដំណាំស្រូវរងការខូចខាតមានចំនួន៥៥៥ហិកតា នៅក្នុងស្រុកពួក ក្រឡាញ់ និង ស្រុកសូទ្រនិគម ដែលមាន១២ឃុំ ស្មើនឹង៧៩ភូមិ គ្រួសាររងគ្រោះ មាន៩៥៥គ្រួសារ៕

ចំនួនអ្នកទស្សនា

    20562767

  • ថ្ងៃនេះ5161
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5161
  • ខែនេះ120311
  • ឆ្នាំនេះ120311
  • សរុប20562767