ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ ឯកឧត្តម Hidehisa HORINOUCHI បានថ្លែងអំណរគុណចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានទទួលជោគជ័យ ក៏ដោយសារតែមានការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដោយឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ទោះបីជាឯកឧត្តមត្រូវទទួលតួនាទីថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់ក៏ដោយ ក៏ឯកឧត្តមនៅតែបន្តគាំទ្រទាំងស្មារតី និងទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជាដដែល។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។
សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ឯកឧត្តម និងស្ថានទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្នុងអាណត្តិរបស់ឯកឧត្តម ព្រះរាជាណាចក្រកម្ពុជាទទួលបានសមិទ្ធផលជាច្រើនដូចជា ជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ដែលផ្តល់ ដោយរដ្ឋាភិបាលជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរ វប្បធម៌ សិល្បៈ កីឡា អប់រំ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូររវាងយុវជន និងយុវជនដ៏ទូលំទូលាយ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់បំផុតចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងមន្ត្រីជាន់ខ្ពស់គ្រប់កម្រិតជាញឹក ញាប់។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះជំនួយឥតសំណង ឥណទានសម្បទានដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ ជំនួយជប៉ុនមានអត្ថប្រយោជន៍ដ៏ធំធេង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះ សម្តេចក៏បានអរគុណចំពោះជំនួយគាំទ្រដល់ដំណើរការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា និងជំនួយសម្រាប់សាលាក្តីខ្មែរក្រហម។
ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមដែលបានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចនឹងត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកអគ្គរដ្ឋទូត ជប៉ុនថ្មី និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តម Hidehisa HORINOUCHI សូមមានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕