សៀមរាប៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២១នឹង២០នាទី នៅចំណុចមុខហាងលក់បបរស សុខសាន្ត ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីហិង្សាដែលបង្កឡើងដោយជនបរទេសម្នាក់ បានធ្វើសកម្មភាពវាយទៅលើផ្ទៃមុខជនរងគ្រោះជាច្រើនដៃ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
ជនបរទេសរូបនេះឈ្មោះ MILLIN MARK WILLIAM ភេទប្រុស កើតថ្ងៃទី១៩-០៣-១៩៦៥ ជនជាតិ ញូសឺឡែន មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួល ភូមិ វាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ម៉ម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ ហេតុការណ៍នេះបានកើតឡីងដោយសារមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច(ជិះម៉ូតូបុករថយន្តជនរងគ្រោះបណ្តាលឲ្យដួលខ្លួនឯង)។
បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លូនបណ្តោះអាសន្ននៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕