សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA)​ លើក​ទី​៤០

19-August-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA)​ លើក​ទី​៤០​ នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​ ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ លើក​ទី​៤០​ ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ “​ជំរុញ​ភាព​ជា​ដៃគូ​សភា​ ដើម្បី​ការ​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​”​។​

​នៅ​ក្នុង​កំឡុង​ពេល​នៃ​មហាសន្និបាត​នេះ​នឹង​មាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជា​ច្រើន​របស់​អាយ​ប៉ា​ដែល​ សម្តេច​ប្រធានរដ្ឋសភា​ និង​សមាជិក​គណៈប្រតិភូ​ចូលរួម​ប្រជុំ​មាន​ដូច​ជា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ កិច្ចប្រជុំ​ ពេញអង្គ​កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​(WAIPA)​ កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​ កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គមកិច្ច​ កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ​ និង​កិច្ចប្រជុំ​រវាង​អាយ​ប៉ា​ជាមួយ​បណ្តា​ប្រទេស​សង្កេតការណ៍​ជាដើម​។​

​អន្តរ​សភា​អាស៊ាន​ ដែល​ហៅ​កាត់​ថា​ អាយ​ប៉ា​(AIPA)​ ជា​អង្គការ​អន្តរ​សភា​ តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ នៃ​បណ្តា​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(ASEAN)​ ដែល​មាន​ ប្រទេស​ប្រ៊ុ​យ​ណេ​ កម្ពុជា​ ឥណ្ឌូ​ណេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ សឹ​ង្ហ​បុរី​ ថៃ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​

​អន្តរ​សភា​អាស៊ាន​ ជា​ការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន​ ជា​ដៃគូ​របស់​ អាស៊ាន​ ក្នុង​ការ​ជំរុញ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែ​មួយ​។​ មហាសន្និបាត​អន្តរ​ សភា​អាស៊ាន​ បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ប្រទេស​ជា​សមាជិក​ ផ្លាស់​វេន​គ្នា​តាម​លំដាប់​អក្ខរក្រម​ នៃ​ឈ្មោះ​ប្រទេស​តាម​អក្សរ​ឡា​តាំង​ ៕​


ចំនួនអ្នកទស្សនា

    20560357

  • ថ្ងៃនេះ2751
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2751
  • ខែនេះ117901
  • ឆ្នាំនេះ117901
  • សរុប20560357