ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម HIDEHISA HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិការទូតនៅកម្ពុជា នៅរសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងសេចក្ដីរីករាយចំពោះអាណត្តិការងារ របស់ឯកឧត្តមដែលក្នុងការបំពេញភារកិច្ចកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញជាក់ស្ដែងនូវវឌ្ឍនភាពសេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ពិសេសការកើនឡើងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការផ្លាស់ប្ដូររវាងប្រជាជន និងធនធានមនុស្ស។
ឯកឧត្តមក៏មានសេចក្ដីរីករាយដោយបានឃើញថាឆ្នាំកន្លងទៅជាឆ្នាំនៃការប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុន ដែលជប៉ុនបានបង្កើតស្ថានកុងស៊ុលនៅខេត្តសៀមរាប ដែលនេះជាការស្ដែងឲ្យឃើញពីទំនាក់ទំនងរីកចំរើនរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរាជទូត ហើយសម្ដេចពិតជារីករាយដោយសម្ដេចបានមានប្រសាសន៍ថាសម្ដេចពិតជាមើលឃើញនូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅក្នុងអាណត្តិការងាររបស់ឯកឧត្ត ដែលបានរួមចំណែកធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងប្រទេសទាំង២មានភាពប្រសើរឡើងនេះក៏បានកើតឡើងតាមរយៈឆន្ទៈនៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង២តាមរយៈថ្នាក់ដឹកនាំរវាងប្រទេសទាំង២ផងដែរ ហើយបានមានប្រសាសន៍ថាសម្ដេចក៏បានឃើញស្នាដៃរបស់ឯកឧត្តម ដែលបានកសាងក្នុងអាណត្តិការងារនៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
ដោយឡែកសម្រាប់ក្រសួងមហាផ្ទៃកម្ពុជា សម្ដេចបានជំរាបជូនថាក្រសួងមហផ្ទៃកម្ពុជាក៏មានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ជប៉ុនដែរ ដូចជាទីភ្នាក់ងារនគរបាលជប៉ុន អង្គភាពប្រឆាំងភេវរកម្មជប៉ុន ដែលកំពុងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ ហើយសម្ដេចក៏សូមថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់កិច្ចសហការជួយបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលមូលដ្ឋានរបស់កម្ពុជាដែលជាការឆ្លើយតបមួយទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់អនុវត្ត។
ក្រៅពីវិស័យទាំងនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាភាគីទាំង២អាចពិនិត្យលទ្ធភាពពង្រីកនូវកិច្ចសហការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជាការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការជួញដូរមនុស្ស និងប្រឆាំងការលាងសម្អាតប្រាក់ជាដើម។
ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ហើយឯកឧត្តមបានបន្ថែមថា ដោយសម្ដេចក្រឡាហោម ស ខេង មានតួនាទីជាប្រធានសហព័ន្ធកីឡាទូកកានូរបស់កម្ពុជា ជប៉ុនក៏នឹងគ្រោងអញ្ជើញកីឡាករទូកកានូកម្ពុជាចំនួន១៥រូប ទៅទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍លើវិស័យកីឡានេះជាមួយភាគីជប៉ុននៅប្រទេសជប៉ុនដែរ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលបានយកចិត្តទុកដាក់ជួយអភិវឌ្ឍន៍វិស័យទូកកានូរបស់កម្ពុជា ហើយជាចុងបញ្ចប់សម្ដេចក្រឡាហោមបានជូនពរឯកឧត្តមទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ទៀត ៕