ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១នឹង៥៥នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ពីបទលួច (លួចស្លាកលេខរថយន្តម៉ាកព្រូសទាំងមុខក្រោយ) នៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា យោងតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ម៉ែន វិចិត្រ បានសារភាពថា៖ ខ្លួនបានធ្លាប់លក់ស្លាកលេខរថយន្តដែលលួចបានទៅលក់ឲ្យឈ្មោះ សុខ ជា ហៅយឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ សេន សឿន ហៅតាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ចំនួន០៣ដងរួចមកហើយ ដោយលក់មួយគូមុខក្រោយតំលៃ៣០$ (សាមសិបដុល្លារសហរដ្ឋអាមេរិច)។
រហូតមកដល់វេលាម៉ោងប្រហែល១៩នឹង៤០នាទី នាថ្ងៃខែឆ្នាំដដែល កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០២នាក់ទៀត ចំនួន០២ទីតាំងផ្សេងគ្នាពីបទសមគំនិតនិងបទទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួចច្រើនដង) ប្រព្រឹត្តជាច្រើនលើកនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់ទី១-ឈ្មោះ សុខ ជា ហៅយឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចលើដងផ្លូវ លេខ២២៣ ក្រុមទី១៣ ភូមិ៧ សង្កាត់ផ្សដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩នឹង២០នាទី, ទី២-ឈ្មោះ សេន សឿន ហៅតាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី (PassApp) ស្នាក់នៅមិនចាំលេខជាន់ទី៣ ផ្លូវសុកហុក សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចក្នុងវត្តស្ទឹងមានជ័យ ក្រុមទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩នឹង៤០នាទី។
វត្ថុតាងចាប់យកមានៈដែកសំប៉ែតសម្រាប់កាច់បំបែកគ្រាប់សោរកម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ សុខ ជា ហៅយឿង), ម៉ូតូកង់បី (PassApp)មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-0748 (ចាប់យកពីឈ្មោះ សុខ ជា ហៅ យឿង)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ ចាត់ការបន្តតាមផ្លូវច្បាប់ ៕