ភ្នំពេញ៖ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារកម្ពុជាសាធារណៈ ទាក់ទងនឹងការប្រមូលកម្រៃសេវាសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានធនាគារប្រចាំតំបន់ប្រតិបត្តិការឥណ្ឌូចិននៃធនាគារកម្ពុជាសាធារណៈ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ កាលពីថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
កម្មវិធីនេះគឺជាកិច្ចសហប្រតិបត្តិការលើការប្រមូលសេវាសាធារណៈដើម្បីបង្កើនចំណូលរដ្ឋ ក៏ដូចជាការបង្កើតជម្រើសទូទាត់សេវាសាធារណៈតាមប្រព័ន្ធអនឡាញសម្រាប់សាធារណជន ប្រកបដោយភាពងាយស្រួល ប្រសិទ្ធភាព រហ័ស ចំណេញពេលវេលា និងតម្លាភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ អនុស្សរណៈយោគយល់នេះមានគោលបំណងផ្តល់សេវាសាធារណៈដែលរួមមាន៖ ការចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ អាជីវកម្មដឹកជញ្ជូន និងសេវា ផ្សេងៗទៀតសំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងតម្លាភាពនៃសេវាសាធារណៈរបស់រដ្ឋ ជាពិសេសជួយកាត់បន្ថយចំណាយក្រៅផ្លូវការនានាដែលអាចកើតមានឡើង។
ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារកម្ពុជាសាធារណៈដែលបាន ចូលរួមសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការប្រមូលកម្រៃសេវាសាធារណៈសំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋ និងសង្ឃឹមយ៉ាងមុតមាំថា៖ សេវានេះនឹងមានដំណើរការល្អ និងទទួលបានការគាំទ្រច្រើនពីសាធារណជន ក្រោមកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់ពីធនាគារ ៕