សៀមរាប៖ មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០១នឹង៣០នាទី នៅចំណុចទល់មុខផ្ទះឈ្មោះ មុយ ឃីម ស្ថិតនៅក្នុងភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក TOYOTACOROLLA ពាក់ស្លាកលេខ ភ្នំពេញ 2B- 5325 ពណ៌ក្រហមប្រភេទទេសចរណ៍ អ្នកបើកបរឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិលាភទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ អ្នករួមដំណើរឈ្មោះ ច្រិប ធុង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បើកបរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ ហើយបានបុកជាមួយរថយន្តម៉ាក Hyundai ពាក់ស្លាកលេខត្បូងឃ្មុំ 3A-2329 ពណ៌ខៀវ ប្រភេទក្បាលសណ្តោង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត។
ក្នុងហេតុការណ៍នេះបណ្ដាលឲ្យស្លាប់ឈ្មោះ រុន រដ្ឋា និងរបួសធ្ងន់ឈ្មោះ ច្រិប ធុង ព្រមទាំងខូចខាតរថយន្តចំនួន ០២គ្រឿង (ធ្ងន់០១គ្រឿង និងស្រាល០១គ្រឿង)។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តធំបានរត់គេចខ្លួនបាត់។ កម្លាំងសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ ពិនិត្យវាស់វែង សម្រួលចរាចរណ៍ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ព្រមទាំងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ៕