ព្រះសីហនុ៖ ក្មេងប្រុស២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងក្មេងប្រុស-ស្រី៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក។ ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើង នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១នឹង១០នាទី លើផ្លូវឯករាជ្យ ចំណុចផ្កាឈូកវិមានឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2331 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចបាត់ពីកន្លែងកើតហេតុ) ចំណែករថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើតឆ្ពោះទៅលិចលុះមកដល់ចំណុចខាងលើ ផ្លាស់ប្ដូរទិសបត់ឆ្វេងបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA WAVE ពណ៌ស្លែ គ្មានស្លាកលេខ ជិះគ្នាចំនួន០៥នាក់ (ស្រី១នាក់) (កូនក្មេងទាំងអស់)។
មន្ត្រីនគរបាលដដែលបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ក្មេងប្រុស០២នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ក្មេង០៣នាក់ (ស្រី១នាក់) បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
រីឯវត្ថុតាងរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង សមត្ថកិច្ចជំនាញយកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕