សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ជម្រាប​ AIPA​ ពី​សារៈសំខាន់​វិស័យ​ការទូត​សភា​ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន​

26-August-2019 | ដោយ ពលមនសិការ

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ជម្រាប​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ ដែល​ហៅ​កាត់​AIPA​ ថា​ការងារ​ការទូត​សភា​ និង​ភាព​ជា​ដៃគូ​ ជា​កត្តា​ សំខាន់​មួយ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក​ប្រកបដោយ​ចីរភាព​។​ សម្តេច​បាន​គូសបញ្ជាក់​ថា​ គ្មាន​ប្រទេស​ណាមួយ​ស្ថិត​នៅ​ឯកោ​ ដោយ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ឡើយ​។​

​ជាមួយ​គ្នា​នេះ​ សម្តេច​ប្រធានរដ្ឋសភា​ បាន​ស្នើ​ដល់​AIPA​ ត្រូវ​មាន​គោល​ជំហរ​រួម​មួយ​ ដែល​មាន​ភាព​បន្ស៊ី​គ្នា​រវាង​ផលប្រយោជន៍​ជាតិ​ និង​ផលប្រយោជន៍​តំបន់​។​ លើកកម្ពស់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ដែល​ជា​កត្តា​សំខាន់​ចាំបាច់​ ដែល​AIPA​ គួរតែ​យកចិត្តទុកដាក់​ តាមដាន​ និង​រក្សា​ឱ្យ​បាន​នូវ​ជំហរ​រួម​របស់​ខ្លួន​ គាំទ្រ​ដល់​ប្រព័ន្ធ​ពហុភាគី​និយម​ ផ្អែក​លើ​គោលការណ៍​ច្បាប់​ អន្តរជាតិ​ ការ​គោរព​ ការ​យោគយល់​ និង​ការ​គិតគូ​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​មិន​មានការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ អធិបតេយ្យភាព​ និង​បូរណភាព​ដែនដី​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​ប្រកបដោយ​ចីរភាព​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ របស់​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ AIPA​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែសីហា​ឆ្នាំ​២០១៩​ នៅ​ក្នុង​ប្រទេស​ថៃ​។​ សភា​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ AIPA​ លើក​ទី​៤០​ ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ ក្រោម​មូលបទ​«​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​សភា​ ដើម្បី​សហគមន៍​ប្រកបដោយ​ចីរភាព​»​ ។​

​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា​(AIPA)​ ជា​អង្គការ​អន្តរ​សភា​ ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(ASEAN)​ ដែល​ មាន​សមាជិក​១០​ប្រទេស​ គឺ​ ប្រទេស​ប្រ៊ុ​យ​ណេ​ កម្ពុជា​ ឥណ្ឌូ​ណេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ សឹ​ង្ហ​បុរី​ ថៃ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​ AIPA​ ជា​ការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន​ ដើម្បី​ធ្វើ​ជា​ដៃគូ​អាស៊ាន​ ក្នុង​ការ​ជំរុញ​ឲ្យ​បាន​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែ​មួយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជា​គោលការណ៍​គ្រឹះ​ របស់​សហគមន៍​អាស៊ាន​ និង​ជា​ចំណុច​ស្នូល​ដ៏​សំខាន់​របស់​អាស៊ាន​ ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​មួយ​ ដែល​មាន​សមាហរណកម្ម​ជិត​សិទ្ធ​នា​ពេល​អនាគត​ ដោយ​ផ្អែក​លើ​គោលការណ៍​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​សម្តេច​ប្រធានរដ្ឋសភា​ ក៏​បាន​ស្នើ​ដល់​AIPA​ ឲ្យ​គិតគូ​និង​យកចិត្តទុកដាក់​បញ្ហា​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា​ ប្រទេស​ក្នុង​តំបន់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​ ដើម្បី​ធានា​ថា​ ពលករ​ចំណាកស្រុក​ទាំងអស់​ រួម​ទាំង​ក្រុម​គ្រួសារ​ពួក​គេ​ ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ និង​ទទួល​បាន​សេវា​សាធារណៈ​ដោយ​មិន​រើសអើង​។​

​សូម​ជម្រាប​ថា​បន្ទាប់​ពី​កិច្ចប្រជុំ​ពេញអង្គ​ទៅ​ មហាសន្និបាត​ AIPA​ នឹង​បើក​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ដែល​មាន​ដូច​ជា​ គណៈកម្មាធិការ​នយោបាយ​ នឹង​ជជែក​ពី​បញ្ហា​អំពើ​ភេ​វរ​កម្ម​ ភាព​ជ្រុលនិយម​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​។​ គណៈកម្មាធិការ​ស្ត្រី​ នឹង​ជជែក​ពី​បញ្ហា​សមភាព​យេ​ន​ឌ័​រ​។​ ចំណែក​គណៈកម្មាធិការ​សេដ្ឋកិច្ច​ នឹង​លើក​ឡើង​ប្រធានបទ​ជា​ច្រើន​មក​ជជែក​គ្នា​ ដូច​ជា​ ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រួម​នៅ​អាស៊ាន​។​ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​សហប្រតិបត្តិការ​អាស៊ាន​ដើម្បី​ត្រៀមខ្លួន​សម្រាប់​បដិវត្ត​ឧស្សាហកម្ម​ទី​៤​។​

​គណៈប្រតិភូ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ នឹង​ចូលរួម​តាម​គណៈកម្មាធិការ​ទាំងអស់​នោះ​។​ វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ គឺជា​ការ​បំពេញបេសកកម្ម​ការទូត​សភា​នៅ​ក្នុង​ការ​ចូលរួម​កសាង​សុខ​សន្តិភាព​ ស្ថិរភាព​សង្គម​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់​និង​ពិភពលោក​។​ ហើយ​ក៏​ជា​ការ​កសាង​កិត្យានុភាព​ដល់​សភា​និង​ប្រទេស​ជាតិ​យើង​នៅ​លើ​ឆាក​អន្តរជាតិ​ ផង​ដែរ​ ៕

 

ចំនួនអ្នកទស្សនា

    20560557

  • ថ្ងៃនេះ2951
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2951
  • ខែនេះ118101
  • ឆ្នាំនេះ118101
  • សរុប20560557