លោកនេត្រ ភក្ត្រា៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលដែលពិភពលោកទំាងមូលកំពុងជួបប្រទះហើយវាជាបញ្ហាដែលតម្រូវឱ្យយើងធ្វើការរួមគ្នាដោះស្រាយ

26-August-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ថា​«​ការ​ប្រែប្រួល​អាកាសធាតុ​ គឺជា​បញ្ហា​សកល​ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួប​ប្រទះ​ហើយ​វា​ជា​បញ្ហា​ដែល​តម្រូវ​ឱ្យ​យើង​ធ្វើការ​រួម​គ្នា​ដោះស្រាយ​ជា​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ពី​ផល​ប៉ះពាល​ដែល​កើត​ចេញពី​ការ​ប្រែប្រួល​អាកាសធាតុ​»​។​ នេះ​គឺជា​ការ​គូសបញ្ជាក់​របស់​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ «​មេរៀន​ និង​ផ្ទាំង​រូបភាព​អប់រំ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​»​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​នៅ​រាជធានី​ភ្នំពេញ​ដោយ​ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ជានា​យកសា​លាមក​ពីសា​លា​នានា​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ នេត្រ​ ភក្ត្រា​ បាន​គូសបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ពិសេស​តាម​រយៈ​ក្រសួងបរិស្ថាន​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​ច្រើន​លើ​វិស័យ​បរិស្ថាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដោយ​បាន​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដៃគូ​អភិវឌ្ឍន៍​នានា​ ក្នុង​ការ​ជំរុញ​ប្រតិបត្តិ​បរិស្ថាន​ល្អ​ ជា​ពិសេស​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ផ្តល់​ការ​គាំទ្រ​តាម​រយៈ​គម្រោងការ​បញ្ជ្រាប​ភាព​ធន់​នឹង​ការ​ប្រែប្រួល​ អាកាសធាតុ​ ដោយ​បាន​ចូលរួម​ចំណែក​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​កន្លង​មក​ជា​ពិសេស​ការ​រៀបចំ​នូវ​មេរៀន​ និង​បទ​ពិសោធ​ន៏​នានា​ក្នុង​ការ​អប់រំ​ ផ្សព្វផ្សាយ​ សំដៅ​រួមចំណែក​ដល់​ការ​ថែរ​រក្សា​អភិរក្ស​នូវ​ធនធាន​ជីវចម្រុះ​ក៏​ដូច​ជា​ការ​បង្ការ​និង​កាត់​បន្ថយ​នូវ​រាល់​ហានិភ័យ​នានា​ដែល​កើតឡើង​ដោយ​គ្រោះ​ធម្មជាតិ​។​

​លោក​នេត្រ​ ភក្ត្រា​ បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​នាយកដ្ឋាន​អប់រំ​បរិស្ថាន​ នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន​ នៃ​ក្រសួងបរិស្ថាន​ដែល​បាន​សហការ​យ៉ាង​ល្អជា​មួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រោម​ការ​ជួយ​គាំទ្រ​ពី​គម្រោងការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅ​ក្នុង​ការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ក្នុង​ការ​រៀបចំ​ចងក្រង​ឱ្យ​មាន​ឯកសារ​មេរៀន​នេះ​ឡើង​ ដើម្បី​ចែករំលែក​ចំណេះដឹង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​កា​រប​ន្សុំ​ា​ក្នុង​ការ​ចូលរួម​ចំណែក​ប្រែក្លាយ​ជីវភាព​រស់នៅ​ សហគមន៍​ និង​សង្គម​កម្ពុជា​ឱ្យ​មាន​ភាព​ធន់​នឹង​អាកាសធាតុ​ ដែល​មាន​បរិស្ថាន​ ស្អាត​ និង​បៃតង​។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​ថ្លែង​ថា​ ការ​អប់រំ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិស្ថាន​ ត្រូវការ​ការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា​ ទាំង​ការ​អប់រំ​ក្នុង​ប្រព័ន្ធ​ដែល​ផ្តោត​ទៅ​លើ​គ្រឹះស្ថានសិក្សា​ទាំងអស់​ និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដែល​ផ្តោត​ទៅ​លើ​មហាជន​ទូទៅ​។​ បន្ថែម​លើ​សមិទ្ធផល​នេះ​ គម្រោង​វិនិយោគ​ក្រោម​កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ​បាន​និង​ កំពុង​អនុវត្ត​សកម្មភាព​នានា​ឆ្លើយ​តប​នឹង​ផែនការអភិវឌ្ឍន៍​ជាតិ​ និង​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​កម្ពុជា​ ដែល​ជា​សុ​ឆន្ទៈ​នយោបាយ​យើង​ទាំងអស់​គ្នា​កំពុង​រួម​គ្នា​អនុវត្ត​សម្រេច​បំពេញ​នូវ​សេចក្តី​ត្រូវការ​ ក្នុង​ក្រប​ខណ្ឌ​ជា​ប្រទេស​សមាជិក​អាស៊ាន​ និង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​ផ្លូវថ្នល់​និង​ការ​អភិរក្ស​ជីវចម្រុះ​ក្នុង​តំបន់​ និង​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (UNFCCC)​ និង​អនុសញ្ញា​នានា​ដែល​ពាក់ព័ន្ធ​ និង​ជា​ការ​ឆ្លើយ​តប​នឹង​សកម្មភាព​ការងារ​ក្នុង​ក្រប​ខណ្ឌ​របស់​មូលនិធិ​វិនិយោគ​អាកាសធាតុ​ផង​ដែរ​។​

លោក​ នេត្រ​ ភក្ត្រា​ បាន​បន្ថែម​ថា​ ក្នុង​ចំណោម​យុទ្ធសាស្ត្រ​សកម្ម​ទាំងឡាយ​ដែល​មា​ប្រសិទ្ធភាព​ ការ​អប់រំ​បរិស្ថាន​គឺជា​ចំណុច​ចាប់ផ្តើម​ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុ​ការ​ឆ្លើ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​បន្សាំ​ និង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​ អាកាសធាតុ​នេះ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។​ ហេតុ​ដូចនេះ​ទើប​ក្រសួងបរិស្ថាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ផលិត​សៀវភៅ​នេះ​ឡើង​ទុកជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​ ជា​ពិសេស​វិស័យ​សិក្សា​របស់​យើង​ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ លោកគ្រូ​ អ្នកគ្រូ​ និង​ការ​ផ្ទេរ​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ដោយ​ប្រើប្រាស់​សៀវភៅ​ និង​ផ្ទាំង​រូបភាព​នេះ​តាម​សាលារៀន​រដ្ឋ​ទូ​ទាំង​ប្រទេស​។​ ឯកឧត្តម​រដ្ឋលេខាធិការ​ ក៏​បាន​ស្នើ​ឱ្យ​បញ្ចូល​ការ​អប់រំ​អំពី​ការ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ទៅ​តាម​កម្មវិធី​បណ្តុះបណ្តាល​តាម​សាលា​ឯកជន​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​អំពាវនាវ​ដល់​លោកនាយក​ លោកគ្រូ​ អ្នកគ្រូ​មក​ពីសា​លា​នានា​ខិតខំ​បន្ត​ជួយ​ចែករំលែក​ចំណេះដឹង​ទាំងនេះ​ដល់​សិស្សានុសិស្ស​ និង​សហគមន៍​ និង​អនុវត្ត​សាលា​មេត្រី​បរិស្ថាន​។​ ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​ និង​លោកគ្រូ​អ្នកគ្រូ​សាលា​របស់​លោកគ្រូ​ អ្នកគ្រូ​នឹង​មាន​ភាព​ស្រស់បំព្រង​ មាន​បរិស្ថាន​ សិក្សា​ល្អ​ ស្អាត​អនាម័យ​ និង​មាន​មេត្រីភាព​។​ ទន្ទឹម​នឹង​នេះ​ ខ្ញុំ​ជឿជាក់​ថា​សៀវភៅ​មេរៀន​ និង​ផ្ទាំង​រូបភាព​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ថ្នាក់​ មធ្យមសិក្សា​បឋម​ភូមិ​នឹង​ដើរតួ​នាទី​សំខាន់​ជា​ឯកសារយោង​សម្រាប់​ប្រើប្រាស់​សិក្សា​ស្រាវជ្រាវ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ វិធានការ​បន្សំ​ និង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​បុគ្គល​ និង​ សហគមន៍​។​

​លោក​ជំទាវ​ ទន់​ សា​អ៊ី​ម​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា​បញ្ជាក់​ពី​គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​ចងក្រង​សៀវភៅ​នេះ​ឡើង​ គឺ​ដើម្បី​រួមចំណែក​ប​ន្សុំ​ា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ក៏​ដូច​ជា​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ ព្រមទាំង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​កិច្ច​គាំពារ​បរិស្ថាន​ ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត​ គ្មាន​សំរាម​ គ្មាន​ការ​បំពុល​ គ្មាន​សំណល់​ប្លា​ស្ទិ​ក​ និង​បន្ត​ពង្រឹង​ និង​ពង្រីក​ចំណេះដឹង​ដល់​លោកគ្រូ​ អ្នកគ្រូ​ ពិសេស​សិស្សានុសិស្ស​ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នា​ពេល​អនាគត​ឱ្យ​យល់​ដឹង​អំពី​ភាព​ចាំបាច់​ និង​ អត្ថប្រយោជន៍​បរិស្ថាន​ តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​និង​ ការ​រស់នៅ​ដោយ​ចីរភាព​។​ លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា​ កិច្ចការ​ទាំងអស់​នេះ​ទាមទារ​ឱ្យ​មានការ​សហការ​គ្នា​ សាមគ្គី​គ្នា​ឈរ​លើ​គោលការណ៍​រួម​តែ​មួយ​ ទស្សនវិស័យ​តែ​មួយ​ គឺ​បណ្តុះ​មនសិការ​ស្រឡាញ់​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដើម្បី​បរិស្ថាន​ស្អាត​ ការ​រស់នៅ​ស្អាត​ ការ​អប់រំ​ល្អ​ ការ​ចូលរួម​ល្អ​ និង​ឈាន​ដល់​ការ​ដឹកនាំ​ល្អ​ សំដៅ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ និង​ប្រែក្លាយ​ឥរិយាបថ​ប្រជាពលរដ្ឋ​ ឱ្យ​មាន​ទម្លាប់​ល្អ​ចំពោះ​បរិស្ថាន​ តាម​រយៈ​ការ​រស់នៅ​ស្អាត​ ការ​ស្រឡាញ់​ ការ​ថែរក្សា​ និង​ការ​ការពារ​ធនធានធម្មជាតិ​ និង​ការ​ចូលរួម​ ដូច្នេះ​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​។ ៕


ចំនួនអ្នកទស្សនា

    20559877

  • ថ្ងៃនេះ2271
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2271
  • ខែនេះ117421
  • ឆ្នាំនេះ117421
  • សរុប20559877