ព្រះវិហារ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រអែម ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចព្រំប្រទល់ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ផ្លូវជាតិ៦២B ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ
ឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើដោយមានការដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន។
ឧត្តមសេនីយ៍ត្រី ឡុង សំអឿន បានបន្តថាជនសង្ស័យឈ្មោះ អៀត វ៉ាន់ថា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ដកហូតវត្ថុតាងរួមមានៈ សារធាតុញៀន មេតំហ្វេតាមីន ប្រភេទក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់ (តូច១២ កញ្ចប់ និងធំ០៥កញ្ជប់), ទម្ងន់៨៧,៨៧ក្រាម, ម៉ូតូចំនួន០១គ្រឿង, លុយខ្មែរចំនួន២,៩០០,០០០រៀល។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕