ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​៖​ វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិ​ មាន​សារៈសំខាន់​ និង​ចាំបាច់​បំផុត​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ នៅ​គ្រប់​កាលៈទេសៈ​

27-August-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ បើក​កិច្ចប្រជុំ​លើក​ទី​៤​ រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពារ​ជាតិ​និង​សន្តិសុខ​របស់​រដ្ឋសភា​ នៃ​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​ នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ប្រធាន​ស្តីទី​រដ្ឋសភា​ បាន​មាន​ប្រសាសន៍​ថា​ វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិ​ មាន​សារៈសំខាន់​ និង​ចាំបាច់​បំផុត​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ នៅ​គ្រប់​កាលៈទេសៈ​។​

​ឯកឧត្តម​បណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា​ សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​ នយោបាយ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជា​កត្តា​គន្លឹះ​ដែល​បង្ក​លក្ខណៈ​ អំណោយផល​ដល់​ការ​ជំរុញ​ទាក់ទាញ​ និង​បង្កើត​ឱកាស​ដល់​ការ​ធ្វើ​ជំនួញ​ ការ​វិនិយោគ​ ទេសចរណ៍​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ដែល​រួមចំណែក​យ៉ាង​ធំធេង​ ដល់​ការ​អភិវឌ្ឍ​ប្រទេស​យើង​ទាំង​បី​ និង​និយាយ​ដោយឡែក​ សម្រាប់​ការ​ជំរុញ​ និង​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ ដែល​ប្រទេស​ទាំង​បី​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ សំដៅ​ធ្វើ​ឲ្យ​តំបន់​នោះ​ ទៅ​ជា​តំបន់​ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​ ដើម្បី​ទទួល​បាន​នូវ​កំណើន​ សេដ្ឋកិច្ច​ខ្ពស់​ ឈាន​ទៅ​លុប​បំបាត់​ ភាព​អត់ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​នូវ​វឌ្ឍនភាព​ជា​ច្រើន​ ឯកឧត្តម​បណ្ឌិត​ប្រធាន​ស្តីទី​រដ្ឋសភា​ ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដូច​ជា​ ការ​ជួញ​គ្រឿងញៀន​ ការ​ជួញដូរ​មនុស្ស​ ការ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ​ខុសច្បាប់​ និង​ការ​កាប់​ព្រៃឈើ​ខុសច្បាប់​ជាដើម​ ដែល​តម្រូវ​ឲ្យ​ទាំងអស់​គ្នា​ ទាំង​ស្ថាប័ន​ នីតិប្បញ្ញត្តិ​ នីតិប្រតិបត្តិ​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ បន្ត​ការ​ខិតខំ​រួម​គ្នា​ដោះស្រាយ​ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រាកដ​ថា​ សន្តិសុខ​ សន្តិភាព​ ស្ថិរភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​ធានា​ និង​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវ​បាន​ចែករំលែក​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​ អស់​និយាយ​ជា​រួម​ និង​និយាយ​ដោយឡែក​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់​ នៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​

​ក្នុង​នាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ក៏​បាន​ទាញ​ការ​ចាប់អារម្មណ៍​ពី​អង្គប្រជុំ​យកចិត្តទុកដាក់​នូវ​ចំណុច​សំខាន់ៗ​ មួយ​ចំនួន​ ក្នុង​ការ​បន្ត​ពង្រឹង​និង​លើកកម្ពស់​ការ​តាមដាន​ ត្រួតពិនិត្យ​នូវ​ការ​អនុវត្ត​ច្បាប់​ និង​គោ​លន​យោ​ បាយ​ពាក់ព័ន្ធ​នានា​ ដើម្បី​រួមចំណែក​ដល់​ការ​ថែរក្សា​សនិ្ត​សុខ​ និង​សណ្តាប់ធ្នាប់​ សំដៅ​ទប់ស្កាត់​នូវ​រាល់​បទឧក្រិដ្ឋ​ឆ្លង​ដែន​នានា​ ធានា​បាន​នូវ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជា​ពល​ រដ្ឋ​ វិនិយោគិន​ និង​ធុរៈជន​ទាំងឡាយ​ និង​លើកកម្ពស់​កម្រិតជីវភាព​ និង​យុត្តិធម៌​ សង្គម​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​ បន្ត​ជំរុញ​លើកទឹកចិត្ត​ និង​គាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៣​ បន្ត​ពង្រឹង​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​៣​ ក្នុង​ការ​កៀរគរ​ធនធាន​ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាជន​ និង​ដើម្បី​ប្រជាជន​។​ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំង​៣​ និង​ភាគី​ពាក់ព័ន្ធ​ សូម​បន្ត​ជំរុញ​ការ​ចែករំលែក​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​ និង​មាន​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​សន្តិសុខ​ ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​ជួញដូរ​គ្រឿងញៀន​ ការ​ជួញដូរ​មនុស្ស​ ការ​លាងលុយកខ្វក់​ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ជាដើម​។​ ត្រូវ​បន្ត​ខិតខំ​ស្វែងរក​ និង​លើកទឹកចិត្ត​ ដើម្បី​ទាក់ទាញ​វិនិយោគទុន​បរទេស​ និង​កៀរគរ​មូលនិធិ​បន្ថែម​ទៀត​ ពី​ដៃគូ​អភិវឌ្ឍ​នានា​ ដើម្បី​អភិវឌ្ឍ​តំបន់​ត្រី​ កោណ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ និង​ទន់​ ជា​ពិសេស​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​បណ្តាញ​គមនាគមន៍​។​

​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ក៏​បាន​លើកទឹកចិត្ត​ដល់​តំណាង​ រាស្ត្រ​ ជា​ពិសេស​តំណាងរាស្ត្រ​នៃ​ខេត្ត​ទាំង​១៣​ នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ ដែល​ជា​អ្នក​នៅ​ផ្ទាល់​ជាមួយនឹង​ប្រជាពលរដ្ឋ​បន្ត​ពង្រឹង​ និង​បង្កើន​ទំនាក់ទំនង​រវាង​គ្នា​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ និង​សកម្ម​ថែម​ទៀត​ ដើម្បី​លើកកម្ពស់​តួនាទី​ភាព​ជា​តំណាង​ ក្នុង​ការ​ពាំនាំ​នូវ​បញ្ហា​ប្រឈម​ និង​ក្តី​កង្វល់​នានា​ដែល​ប្រជាពលរដ្ឋ​ នៅ​ទីនោះ​បាន​ និង​កំពុង​ជួប​ប្រទះ​ សំដៅ​អន្តរាគមន៍​ និង​ដោះស្រាយ​ទាន់​ពេលវេលា​។​

​ដោយឡែក​នៅ​ក្នុង​ចំណាប់អារម្មណ៍​គន្លឹះ​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​កម្ពុជា​ ឯកឧត្តម​ ខាំ​ស៊ុ​ក​ វី​ន​ថា​វង្ស​ ប្រធាន​គណៈកម្មាធិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ នៃ​រដ្ឋសភា​ឡាវ​ ក៏​ដូច​ជា​ឯកឧត្តម​ វ៉ក់​ ចុក​វៀត​ ប្រធាន​គណៈកម្មាធិការ​ការពារ​ជាតិ​ និង​សន្តិសុខ​នៃ​រដ្ឋសភា​វៀតណាម​ គឺ​សុទ្ធតែ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​កិច្ចសហការ​ជិត​ស្និទ្ធ​ និង​ការ​អនុវត្ត​យ៉ាង​ល្អ​ នូវ​អនុស្សរណៈ​យោគយល់​គ្នា​ ដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​នៃ​ប្រទេស​ទាំង​បី​បាន​ដាក់​ចេញ​ និង​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កំណត់ហេតុ​ នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ជំនាញ​វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិ​ ចាប់តាំងពី​ឆ្នាំ​២០១៤​ មក​។​ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត​ និង​ការ​រៀបចំ​កិច្ចប្រជុំ​ ឬ​សិក្ខាសាលា​រួម​គ្នា​រវាង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ នៃ​ប្រទេស​ទាំង​បី​ មិន​ត្រឹមតែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចែករំលែក​នូវ​ព័ត៌មាន​ និង​បទ​ពិសោធន៍​ការងារ​ជាក់ស្តែង​ក្នុង​ក្របខ័ណ្ឌ​សភា​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​បន្ត​រឹតចំណង​មិត្តភាព​ សាមគ្គីភាព​ជា​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​អាណានិគមនិយម​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​សូម​ជម្រាប​ថា​ កិច្ចប្រជុំ​លើក​ទី​៤​ រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពារ​ជាតិ​និង​សន្តិសុខ​របស់​រដ្ឋសភា​ នៃ​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​ នា​ពេល​នេះ​គឺ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ស្តី​ពី​ “​តួនាទី​ ភារកិច្ច​ក្នុង​ការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ទទួល​ បន្ទុក​វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ​ នៃ​ប្រទេស​ទាំង​បី​ ក្នុង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​ព្រំដែន​មួយ​ ប្រកបដោយ​សន្តិភាព​ និង​មិត្តភាព​ ”​ ៕


ចំនួនអ្នកទស្សនា

    20560517

  • ថ្ងៃនេះ2911
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2911
  • ខែនេះ118061
  • ឆ្នាំនេះ118061
  • សរុប20560517