សៀមរាប៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីកិច្ចការគ្រឿងញៀនលើកទី៤០ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសសហគមន៍អាស៊ានសរុបជិត២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីកិច្ចការគ្រឿងញៀនលើកទី៤០ ស្របពេល ដែលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងសកម្ម ដូចភ្លៀងរលឹម ក្នុងការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ នៅទូទាំងប្រទេស និងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃយន្តការសុវត្ថិភាព ទន្លេមេគង្គ ដែលមានគោលដៅដ៏សំខាន់ក្នុង ការបង្ការ និងទប់ស្កាត់ ការផលិតការចរាចរ ការជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទចេញ ពីតំបន់ត្រីកោណមាស ជាការចូលរួម ចំណែកដ៏ធំធេងទាំង ក្នុងក្របខណ្ឌតំបន់អាស៊ាន និងពិភពលោកទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថាស្ថានភាពនៃការដាំដុះការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងតំបន់យើង និងសកលលោកមិនមានសញ្ញា ថយចុះនោះឡើយ បង្កជាបញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើសុំតាមរយៈយន្តការអាសូតឲ្យផ្តោតការយកចិត្តទុកដាក់ពង្រឹង នូវប្រសិទ្ធភាពការងារឲ្យស្របទៅនឹងស្ថានភាពថ្មី នៃបញ្ហាគ្រឿងញៀន នៅក្នុងតំបន់យើងទទួលខុស ត្រូវរួមគ្នាឲ្យបានខ្លាំងក្លាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទទួលខុសត្រូវឲ្យចំគោលដៅឆ្លើយតបបានគ្រប់ជ្រុងជ្រោយ សមស្របនឹងស្ថានភាពជាក់ស្តែងនិងពង្រឹងសមត្ថភាពជំនាញចែករំលែកព័ត៌មានឲ្យគ្នាទៅមកក្នុងការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ ព្រំដែន ដើម្បីលុបបំបាត់នូវបណ្តាញក្រុមឧក្រឹដ្ឋជនឆ្លងដែនខុសច្បាប់ ដែលតែងតែធ្វើសកម្មភាព គំរាមដល់សន្តិសុខ ការអភិវឌ្ឍន៍របស់ប្រជាជននិងសហគមន៍ របស់យើងនិងសូមគាំទ្រនូវគោលនយោបាយភូមិឃុំ/សង្កាត់សគ្មានគ្រឿងញៀនរបស់កម្ពុជា ៕