ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា ព័ត៌មានដែលចុះផ្សាយថាមានករណីបាញ់សម្លាប់នៅក្នុងផ្សារទំនើប អ៊ីអន២ ជាព័ត៌មានមិនពិតឡើយ។
ព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម Facebook ទាំងនោះ គ្រាន់តែជាព័ត៌មានដែលផុសឡើងដោយជនមួយចំនួនតូចក្នុងគោលបំណងបំពុលបរិយាកាសសង្គម ក៏ដូចជាការបង្ករអសន្តិសុខដល់សង្គមជាតិតែប៉ុណ្ណោះ។
ជាក់ស្តែងករណីក្នុងរូបភាពនេះជាករណីជម្លោះកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឈានដល់ការយកកាំបិតចាក់គ្នា ដែលកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅភាគខាងជើងនៃទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែជនឆ្លៀតឱកាសខ្លះ បានព្យាយាមភ្ជាប់យកករណីទាំងនោះយកមកផុសដើម្បីអោយបងប្អូនប្រជាពលរដ្ឋខ្មែរមានការយល់ច្រឡំតែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក ហួរ ម៉េង វាង អធិការនគរបាលខណ្ឌសែនសុខ ក៏បានដឹកនាំកម្លាំងដោយផ្ទាល់ដើម្បីចុះស្រាវជ្រាវនៅផ្សារទំនើប អ៊ីអន២ ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាពុំមានករណីនេះកើតឡើងទេ វាជាព័ត៌មានមិនពិត។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចូលចិត្តប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ មុននឹងផុស ចុច Like and Share រាល់ព័ត៌មាននានា សូមជួយសិក្សាស្វែងយល់អោយបានច្បាស់អំពីប្រភពនៃព័ត៌មាន ដើម្បីជៀសវាងនូវការផុស Like and Share នូវព័ត៌មានមិនពិតដែលមានចរឹកញុះញង់ និងបង្ករអសន្តិសុខដល់សង្គមជាតិ ៕