ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា នឹងលើកទិសដៅសម្រាប់ខែកញ្ញា នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ ដោយមានចូលរួមពីលោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ លោកអធិការ អធិការង និងលោកនាយប៉ុស្តិ៍ទាំង១០៥។
ក្នុងឱកាសនោះដែរក៏មានការចូលរួមយោបល់ពីលោកស្នងការរង និងនាយការិយាល័យជំនាញ ពាក់ព័ន្ធទៅនឹងការងារដែលបានអនុវត្ត ក៏ដូចជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។
ឯកឧត្តមស្នងការបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ និងបានផ្តល់ជាគំនិតយោបល់ល្អៗដើម្បីយកទៅអនុវត្តបន្ត ជាពិសេសឯកឧត្តមស្នងការបាន ណែនាំដល់មន្ត្រីទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាអោយប្រជាពលរដ្ឋសប្បាយចិត្ត៖
១.កាត់បន្ថយអោយបានជាអតិប្បរមា ដូចជាករណីលួច ឆក់ ប្លន់ គាស់ផ្ទះ និងក្មេងទំនើង
២.បន្តចុះរៀបចំសណ្តាប់សាធារណៈអោយបានជាប្រចាំ និងគ្រប់គោលដៅ ដើម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាការធ្វើអោយទីក្រុងមានសោភ័ណ្ឌភាពល្អ
៣. បន្តជាប្រចាំនៅយុទ្ធនាការបង្ក្រាបគ្រឿងញៀន
៤. បន្តធ្វើជាប្រចាំនៅវេទិការសាធារណ:អោយបានគ្រប់ប៉ុស្តិ៍ ខណ្ឌ ដើម្បីផ្សព្វផ្សាយ ការងារទូទៅដល់ពលរដ្ឋ
៥. ផ្តល់សេវាប្រជាពលរដ្ឋអោយបានលឿន និងឆាប់រហ័សដូចជាការធ្វើអត្ត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជាពិសេសគឺការប្រើប្រាស់សម្តីអោយបានសមរម្យជាមួយពលរដ្ឋ និងការទទួលពាក្យបណ្តឹង
ឯកឧត្តមបានបញ្ជាក់ជាថ្មី មន្ត្រីទាំងអស់ត្រូវតែអនុវត្តអោយបានបទបញ្ជារបស់កងកម្លាំង បើធ្វើខុសត្រូវតែអនុវត្តតាមច្បាប់ មួយវិញទៀត ហាមដាច់ខាតក្នុងការយកកម្លាំងទៅយាមតាមក្លឹបកំសាន្តរាត្រី ខារ៉ាអូខេ....។ល។
ជាចុងបញ្ចប់ឯកឧត្តមសំណូមពរអោយមន្ត្រីនៅតាមអង្គភាពទាំងអស់ត្រូវចេះសំអាតអនាម័យកន្លែងការងារ និងឆ្លៀតពេលហាត់ប្រាណ ដើម្បីធានាអោយបានសុខភាពល្អ ៕