ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការ UNDP ដឹកនាំដោយលោក Nick Beresford តំណាងនិវាសនជនអង្គការUNDP ស្ដីពីគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ ពាក់ព័ន្ធនឹងវិស័យនេះផងដែរ។
ថ្លែងនៅក្នុងជំនួបនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអំពីផែនការគោលនយោបាយស្ដីពីវិស័យដឹកជញ្ជូនផ្លូវគោក ដែលផ្ដោតជាសំខាន់លើយុទ្ធសាស្ត្រចំនួនប្រាំចំណុចដែលរួមមាន៖ ពង្រឹងគុណភាពការដឹកជញ្ជូនឱ្យស្របតាមតម្រូវការក្នុងប្រទេស និងក្នុងតំបន់ លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពការដឹកជញ្ជូន តាក់តែងបទប្បញ្ញត្តិស្ដីពីការប្រើប្រាស់យានយន្ត និងបរិស្ថាន លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជំរុញការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនវៃឆ្លាត។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូពិនិត្យលើយុទ្ធសាស្ត្រទាំងប្រាំចំណុច ដែលក្រុមការងារបានលើកឡើង រៀបចំផែនការសកម្មភាពដើម្បីអនុវត្តចំណុចលម្អិតនៅក្នុងយុទ្ធសាស្ត្រនីមួយៗ ជាផែនការប្រចាំឆ្នាំ និងផែនការប្រាំឆ្នាំនិងផ្តល់បទពិសោធន៍នូវចំណុចគន្លឹះល្អៗរបស់បណ្តាប្រទេសនានាក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យដឹកជញ្ជូនផ្លូវគោកប្រកបដោយជោគជ័យផងដែរ៕