សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២​ និង​ពិធី​បិទ​មហាសន្និបាត​អាយ​ប៉ា​

29-August-2019 | ដោយ ពលមនសិការ

​ប្រទេស​ថៃ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២​ នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤០​ នា​សណ្ឋាគារ​ Shangri-La​ នាទី​ក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤០​ ដែល​សភា​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ពី​ថ្ងៃ​ទី​២៥​ ខែសីហា​មក​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ក្នុង​នោះ​កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​ (WAIPA)​ បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​ពីរ​ លើ​ប្រធានបទ​ ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅ​ក្នុង​សហគមន៍​អាស៊ាន​ និង​បញ្ហា​គម្លាត​យេ​ន​ឌ័​រ​ក្នុង​បទ​ប្បញ្ញត្តិ​បច្ចេកវិទ្យា​។​

​គណៈកម្មាធិការ​សេដ្ឋកិច្ច​ បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​៤​ ដែល​មាន​ប្រធានបទ​ដូច​ជា​ ការ​លើកកម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍​អាស៊ាន​ ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​លើ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ ក្នុង​បរិបទ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ ការ​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ជាដើម​។​

​គណៈកម្មការ​សង្គមកិច្ច​បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​៦​ ដែល​និយាយ​ពី​ការ​លើកកម្ពស់​សេវា​សង្គម​ដល់​មនុស្ស​ចាស់​ ពង្រឹង​សុវត្ថិភាព​វិស័យ​ទេសចរណ៍​ជាដើម​។​ ចំណែក​គណៈកម្មការ​រៀបចំ​ បាន​ពិភាក្សា​សេចក្តីសម្រេច​ចំនួន​១៧​ ដែល​និយាយ​ពី​ការ​ពង្រឹង​សកម្មភាព​របស់​អគ្គលេខាធិការដ្ឋាន​AIPA​ និង​បណ្តា​ដៃគូ​។​

​មហាសន្និបាត​ អាយ​ប៉ា​លើក​ទី​៤០​ បាន​ជួប​សន្ទនា​ជាមួយ​ប្រទេស​សង្កេតការណ៍​ មាន​ដូច​ជា​ អូ​ស្រា្ត​លី​ កា​ណា​ដា​ ចិន​ រុ​ស្ស៊ី​ សាធារណរដ្ឋ​កូរ៉េ​ ក្រោម​ប្រធានបទ​ “​ភាព​ជា​ដៃគូ​ដើម្បី​អនុវត្ត​ច្បាប់​ល្អ​”​។​ មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤១​ សភា​ប្រទេស​វៀតណាម​ ធ្វើ​ជា​ម្ចាស់ផ្ទះ​ ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២០​ នាទី​ក្រុង​ហា​ឡុ​ង​។​
​ឯកឧត្តម​ ឈួ​ន​ លី​ផៃ​ ប្រធាន​សភា​ប្រទេស​ថៃ​ និង​ជា​ប្រធាន​AIPA​ លើក​ទី​៤០​ បាន​ថ្លែង​ការ​កោតសរសើរ​យ៉ាង​ក្រៃ​លែង​ចំពោះ​ថ្នាក់ដឹកនាំ​សភា​ និង​សមាជិក​គណៈប្រតិភូ​អាយ​ប៉ា​ទាំង​១០​ ដែល​បាន​ខិតខំ​ចែករំលែក​ទស្សនទាន​ លើ​ប្រធានបទ​សំខាន់ៗ​ រហូត​សម្រេច​បានជា​សេចក្តីសម្រេច​ ដែល​ជា​យន្តការ​សំខាន់​ សម្រាប់​ការ​អនុវត្ត​នៅ​តាម​ប្រទេស​នីមួយៗ​ ក្នុង​ការ​កសាង​សាមគ្គីភាព​ កិច្ច​សហប្រតិបត្តិការ​ល្អ​ ក្នុង​គ្រួសារ​អាស៊ាន​ក៏​ដូច​ជា​ពិភពលោក​មួយ​ដែល​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ នៅ​ក្នុង​បរិបទ​ដែល​តំបន់​និង​ពិភពលោក​ មានការ​ប្រឈម​ដូច​ពេល​បច្ចុប្បន្ន​នេះ​ សាមគ្គីភាព​ កិច្ច​សហប្រតិបត្តិការ​ល្អ​ ជាក​ក្តា​សំខាន់​ក្នុង​ការ​ស្វែងរក​សេចក្តីសុខ​ និង​ការ​អភិវឌ្ឍ​ជូន​ពលរដ្ឋ​ ពី​សំណាក់​តំណាង​របស់​ពួក​គាត់​។​ ឯកឧត្តម​ប្រធាន​មហាសន្និបាត​ សង្ឃឹមថា​ បញ្ហា​ស្មុគ​ស្មា​គ​នៃ​ការ​ប្រែ​ប្រួ​អាកាសធាតុ​ ការ​ជ្រុលនិយម​ ការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ និង​ការ​ដោះស្រាយ​បាន​តាម​រយៈ​ការ​រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​រវាង​អាយ​ប៉ា​និង​អាស៊ាន​។​

សូម​ជម្រាប​ថា​ អន្តរ​សភា​អាស៊ាន​ ដែល​ហៅ​កាត់​ថា​អាយ​ប៉ា​ (AIPA)​ ជា​អង្គការ​អន្តរ​សភា​ ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ នៃ​បណ្តា​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(ASEAN)​ ដែល​មាន​សមាជិក​១០​ប្រទេស​ គឺ​ ប្រទេស​ប្រ៊ុ​យ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ សឹ​ង្ហ​បុរី​ ថៃ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​ AIPA​ ជា​ការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន​ ជា​ដៃគូ​អាស៊ាន​ ក្នុង​ការ​ជំរុញ​ឲ្យ​បាន​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែ​មួយ​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ លើក​ទី​៤០​ ប្រារព្ធ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​ថៃ​ ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ ក្រោម​មូលបទ​ “​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​សភា​ ដើម្បី​សហគមន៍​ប្រកបដោយ​ចីរភាព​”​។​ រដ្ឋសភា​ប្រទេស​វៀតណាម​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​មហាសន្និបាត​អាយ​ប៉ា​ លើក​ទី​៤១​ ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២០​ នាទី​ក្រុង​ហា​ឡុ​ង​ ប្រទេស​វៀតណាម​ ៕

ចំនួនអ្នកទស្សនា

    20558147

  • ថ្ងៃនេះ541
  • ម្សិលមិញ14181
  • សប្តាហ៍នេះ541
  • ខែនេះ115691
  • ឆ្នាំនេះ115691
  • សរុប20558147