ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី វេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ប្រារព្ធនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
វេទិកានេះមានការចូលរួមឯកឧត្តមលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រី តំណាងក្រសួងស្ថានប័នជាតិ និងក្រោមជាតិ តំណាងស្ថានទូតស៊ុយអ៊ែត តំណាងស្ថានទូតជប៉ុន តំណាងស្ថាប័នចំណុះអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋបាលជាតិ និងអន្តរជាតិ សរុប៥០៣រូប។
ជាកិច្ចចាប់ផ្ដើមនៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍បើកវេទិកាដ៏មានសារៈសំខាន់នេះ ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានថ្លែងអំណរគុណភាគីពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលលើកទី៣នាឱកាសនេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសំណើររបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់ជូនរាជរដ្ឋាភិបាលកាលពីជំនួបក្នុងវេទិកាលើកទី២កន្លងទៅ ត្រូវបានក្រសួងមហាផ្ទៃបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយ តាមសមត្ថកិច្ច ហើយថាអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃនឹងធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពនៃការដោះស្រាយជូនអង្គវេទិការជ្រាប។
សម្ដេចបានមានប្រសាសន៍ថាបរិយាកាសក្រោយការបោះឆ្នោតឆ្នាំ២០១៨ ប្រទេសកម្ពុជាបានបន្តមានសុខសន្តិភាព ស្ថេរភាពយ៉ាងល្អប្រសើរ ដែលបានបង្កលក្ខណៈសម្បត្តិឲ្យរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ នឹងប្រជាពលរដ្ឋ រួមគ្នាសម្រេចបានសមិទ្ធផលជាច្រើនក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ពិសេសការរក្សាកំណើនសេដ្ឋកិច្ច ធ្វើជីវភាពពលរដ្ឋមានភាពល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថារាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តលើកកម្ពស់លទ្ធិប្រជាធិបេត្យ តាមយៈការផ្ដល់ឱកាសឲ្យអ្នកជាប់បំរាមធ្វើនយោបាយអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ ការពង្រឹងភាពជាដៃគួជាមួយសង្គមស៊ីវិល ការដោះស្រាយបញ្ហាពាក់ព័ន្ធសិទ្ធិការងារ និងសហជីព ការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធបញ្ចេញមតិ និងការបន្តដោះស្រាយបញ្ហាដីធ្លី។
ឈរលើមួលដ្ឋាននេះ សម្ដេចឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលបន្តកិច្ចសន្ទនថាយ៉ាងស្មោះសរដើម្បីប្រមូលធាតុចូលពីគ្រប់ធនធានមនុស្ស គ្រប់ប្រភព ដោយគ្មានការរើសអើង ឬបែងចែកបក្សពួក តាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងការផ្ដល់ឱកាសឲ្យគណបក្សនយោបាយ សង្គមស៊ីវិល និងវិស័យឯកជនបានចូលរួមបញ្ចេញយោបល់ ទស្សនៈ។
សម្ដេចក្រឡាហោមបន្តថាអង្គការសង្គមស៊ីវិលបរទេស និងក្នុងស្រុក បានចូលរួមផ្ដល់សេវាសង្គម និងសេដ្ឋកិច្ចគ្រប់ច្រកល្ហក និងបានតស៊ូមតិទាមទារឲ្យមានកំណែទម្រង់រដ្ឋដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ អភិបាលកិច្ច សិទ្ធមនុស្ស ប្រព័ន្ធយុត្តិធម៌ ធនធានធម្មជាតិ បរិស្ថាន និងសេវាសង្គមជាដើម។
សម្ដេចបានមានប្រសាសន៍ផ្អែកលើលទ្ធផលនៃវេទិកាលើកទី២ដូចគ្នា ក្រសួងមហាផ្ទៃ បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំវេទិការវាងរដ្ឋបាលរាជធានីខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលមកដល់ពេលនេះ រដ្ឋបាលរាជធានីខេត្តទាំងអស់បានរៀបចំវេទិកាលើកទី១រួចរាល់ ព្រមទាំងបានបញ្ជូនលទ្ធផលនៃវេទិកានេះមកក្រសួងមហាផ្ទៃជាបន្តបន្ទាប់ផងដែរ។
សម្ដេចបានសង្កត់ធ្ងន់ថាសង្គមស៊ីវិលនៅតាមមូលដ្ឋានមានសេរីភាពក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ បន្ទាប់ពីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនចាំបាច់ជូនដំណឹងទៅអាជ្ញាធរទៀតឡើយ ហើយអាជ្ញាធរមូលដ្ឋាន ហាក់មានការយល់ដឹងច្រើន ដោយបានផ្ដល់កិច្ចសហការជាមួយគ្នាយ៉ាងល្អប្រសើរ។
សម្ដេចបានបន្ថែមទៀតថាក្រសួងបានរៀបចំយន្តការអចិន្ត្រៃយ៍ ដើម្បីរង់ចាំទទួលនូវព័ត៌មាន របាយការណ៍ និងសំណើរ ឬសំណូមពរផ្សេងៗ ពីអង្គការសង្គមស៊ីវិលដែលជួបបញ្ហានៅពេលធ្វើសកម្មភាព ហើយគិតត្រឹមពាក់កណ្ដាលឆ្នាំនេះ បានទទួលសំណើរតែ៦ករណីប៉ុណ្ណោះ ខណៈអង្គការមួយបានលើកឡើងថាមានជាង៧០ករណី។
ត្រង់ចំណុចនេះសម្ដេចក្រឡាហោម បានចោទជាសំណួរថាហេតុអ្វីបានជាករណីទាំងនោះមិនមកដល់យន្តការអចិន្ត្រៃយ៍។ សម្ដេចបានស្នើឲ្យសង្គមស៊ីវិលកុំលាក់បាំងបញ្ហា មានបញ្ហាអ្វីត្រូវលើកយកមកជជែកពិភាក្សាតាមរយៈវេទិកាភាពជាដៃគូនាថ្ងៃនេះ និងនៅពេលបន្តបន្ទាប់ ពីព្រោះយើងទាំងអស់គ្នាសុទ្ធតែធ្វើការដើម្បីប្រយោជន៍ជាតិ និងប្រជាជនដូចគ្នា។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឲ្យសង្គមស៊ីវិលធ្វើសកម្មភាពឲ្យស្របច្បាប់ ផ្ដល់ការគាំទ្ររាជរដ្ឋបាលក្នុងការលើកកម្ពស់ប្រជាធិបតេយ្យសេរីពហុបក្ស និងការរក្សាសុខសន្តិភាព និងការអនុវត្តកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
សម្ដេចបានមានប្រសាសន៍ស្នើឲ្យសង្គមស៊ីវិល បន្តចូលរូមក្នុងសកម្មភាព និងគោលនយោបាយការពារបរិស្ថាន ធនធានធម្មជាតិ ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដូចជាព្រៃឈើ គ្រឿងញៀន សំអាតប្រាក់ ជួញដូរមនុស្ស ដែលជាមូលហេតុធ្វើឲ្យប៉ះពាល់សង្គមជាតិ និងបានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់អាជ្ញាធរមូលដ្ឋាន។
សម្ដេចបានណែនាំអាជ្ញាធរមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលដល់អង្គការជាតិ និងអន្តរជាតិ ដែលបានចុះបញ្ជីស្របច្បាប់ ក្នុងការធ្វើសកម្មភាពទៅតាមច្បាប់កំណត់ រដ្ឋបាលរាជធានីខេត្តត្រូវបន្តរៀបចំវេទិកាជាមួយអង្គការសង្គមស៊ីវិលឲ្យទៀងទាត់ ត្រូវខិតខំផ្សព្វផ្សាយណែនាំពលរដ្ឋឲ្យយល់ដឹងពីច្បាប់នៃការខ្ចីប្រាក់ ការសងប្រាក់។
ជាមួយគ្នានេះសម្ដេចបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានមិនត្រូវដើរតួនាទីជាភ្នាក់ងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទោះក្នុងរូបភាពណាក៏ដោយ ពីព្រោះវាជាការងារវិស័យឯកជន ហើយអគ្គនាយកដ្ឋានរដ្ឋបាលក៏ត្រូវណែនាំអាជ្ញាធរជាលាយលក្ខអក្សរដើម្បីជាត្រីវិស័យក្នុងការអនុវត្តរបស់អាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងវេទិកានៅថ្ងៃនេះ សម្ដេចបានមានប្រសាសន៍ជាថ្មីទៀតថារាល់បញ្ហាដែលត្រូវលើកយកមកដាក់លើតុពិភាក្សា គឺត្រូវមានការដេញដោលគ្នាសួរនាំគ្នាឲ្យដល់ឬសគល់អំពីគោលបំណងនៃសំណើរ និងមានទឡ្ហីករណ៍ច្បាស់លាស់ ហើយត្រូវចាត់ទុកការជជែកពិភាក្សាគ្នានៅថ្ងៃនេះជាការសហការគ្នាដើម្បីផលប្រយោជន៍ជាតិ ដើម្បីទទួលបានយោបល់ល្អ ទោះជាមតិនោះរិះគន់ក៏ដោយ។
សម្ដេចបានសង្កត់ធ្ងន់ថាប្រជាធិបតេយ្យវាដើរទន្ទឹមគ្នានឹងការប្រកួតប្រជែង ដូច្នេះទស្សនៈស្រប ប្រឆាំង ទស្សនៈរិះគន់ គឺត្រូវតែកើតមានជាហូរហែរ ដែលសំខាន់នោះគឺការចេះរួមមតិទាំងនោះយកមកសិក្សាដោះស្រាយទៅតាមទិដ្ឋភាពច្បាប់ និងស្ថានភាពជាក់ស្ដែង ក្នុងនាមជាខ្មែរដូចគ្នា ស្រលាញ់ជាតិដូចគ្នា ៕