សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ តំណាង​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ លើក​ទី​១៤​ នៅ​ខេត្តសៀមរាប​

29-August-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១៤​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ លើក​ទី​១៤​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ចាប់ពី​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ខេត្ត​សៀម​រា​ ប​ ក្រោម​អធិបតីភាព​ សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​មានការ​ចូលរួម​ពី​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​ នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ អាស៊ាន​បូក​បី​ (​ចិន​ ជប៉ុន​ កូរ៉េ​)​ អគ្គលេខាធិការ​អាស៊ាន​ និង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​ទៀត​។​

​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា​ កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​រៀបចំ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ ជា​លក្ខណៈ​ប្តូរ​វេន​ដែល​រួម​មាន​៖
១-​កិច្ចប្រជុំ​ត្រៀម​ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន​ អាស៊ាន​បូក​បី​ និង​អាស៊ាន​-​ចិន​ និង​
២-​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ អាស៊ាន​បូក​បី​ និង​អាស៊ាន​-​ចិន​ ក្រោម​ប្រធានបទ​ «​លើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​ទាំងមូល​»​។​

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​បួន​គឺ​៖
១-​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​
២-​ការ​ធានា​និរន្តរភាព​ហិរញ្ញប្បទាន​ សេវា​ថែទាំ​សុខភាព​
៣-​ការ​ពង្រឹងសមត្ថភាព​ ក្នុង​ការ​អនុវត្ត​ និយ័ត​កម្ម​សុខភាព​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក​
៤-​នវានុវត្តន៍​នៃ​ការ​ពង្រឹង​សេវា​ថែទាំ​សុខភាព​។​

ក្នុង​សុន្ទរកថា​ ដែល​ថ្លែង​ដោយ​ សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ មាន​ខ្លឹមសារ​សំខាន់ៗ​ថា​ កម្ពុជា​ពិតជា​មាន​កិត្តិយស​ដ៏​ឧត្តុ​ង​ឧត្តម​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ រៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ ស្រប​ពេល​នឹង​ការ​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ​ នៃ​ការ​បង្កើត​អាស៊ាន​ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០២៥​។​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ បាន​ថ្លែង​ថា​ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ ក៏​ត្រូវ​បាន​ពង្រីក​ការ​គ្របដណ្តប់​ដល់​មន្ត្រី​សាធារណៈ​ អតីតមន្ត្រី​រាជការ​ និង​ អតីត​យុទ្ធ​ជន​ ព្រមទាំង​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដល់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​ ចាប់តាំងពី​កូន​ក្នុង​ផ្ទៃ​ រហូត​ដល់​អាយុ​០២​ឆ្នាំ​ ដើម្បី​ជំរុញ​ការ​លូតលាស់​,​ទាំង​កាយសម្បទា​ និង​ បញ្ញា​ស្មារតី​ ។​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ដែល​តំណាង​ឲ្យ​សម្តេច​តេ​ជោ​ បាន​ថ្លែង​ថា​ បញ្ហា​ឱសថ​ក្លែងក្លាយ​ និង​ អន់​គុណភាព​ គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ ត្រូវ​រួម​គ្នា​ដោះស្រាយ​ជា​បន្ទាន់​,​ ទាំង​នៅ​ក្នុង​ប្រទេស​ តំបន់​ និង​ សកលលោក​។​ បើ​យើង​ប្រើប្រាស់​ឱសថ​អន់​គុណភាព​ព្យាបាល​ជំងឺ​ អាច​ធ្វើ​ឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ ហើយ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ និង​ ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ផ្ទាល់ខ្លួន​ ក៏​ដូច​ជា​ខាតបង់​ថវិការដ្ឋ​ផង​ដែរ​ ។​

​ឱសថ​ក្លែងក្លាយ​ និង​ អន់​គុណភាព​ បាន​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​,​ សុវត្ថិភាព​សង្គម​ និង​ ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។​ បច្ចុប្បន្ន​ បញ្ហា​ឱសថ​ក្លែងក្លាយ​ និង​ អន់​គុណភាព​ កំពុង​រីក​រាលដាល​គួរ​ឱ្យ​ព្រួយបារម្ភ​ទាំង​នៅ​ក្នុង​តំបន់​ និង​ ពិភពលោក​ ជា​ពិសេស​ការ​ផ្សព្វផ្សាយ​លក់​ឱសថ​ តាម​ប្រព័ន្ធ​អន​ឡាញ​ គ្មាន​ប្រភព​ច្បាស់លាស់​ និង​មិន​មានការ​ចុះបញ្ជី​ការ​ត្រឹមត្រូវ​។​

​នៅ​ក្នុង​សុន្ទរ​ថា​ ដែល​ថ្លែង​ដោយ​សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ នោះ​គឺ​បាន​ផ្ដល់​នូវ​អនុសាសន៍​សំខាន់ៗ​ចំនួន​០៦​ ៖​
១)​ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ ត្រូវ​រួម​គ្នា​លើកកម្ពស់​ និង​ ជំរុញ​ការ​អនុវត្ត​សកម្មភាព​ ដើម្បី​ធ្វើ​សុខដុម​នី​យ​កម្មវិស័យ​សុខាភិបាល​ នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ តាម​រយៈ​ការ​កាត់​បន្ថយ​គម្លាត​ផ្នែក​គុណភាព​សេវា​សុខាភិបាល​។​

២)​អាស៊ាន​ត្រូវ​រួម​គ្នា​ត្រៀមលក្ខណៈ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ផ្នែក​សុខភាព​សាធារណៈ​ ជា​ពិសេស​ការ​ ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​ នៅ​ក្នុង​តំបន់​អាស៊ាន​ និង​គ្រោះ​មហន្តរាយ​នានា​ ដែល​បង្ក​ឡើង​ដោយសារ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​។​

៣)​អាស៊ាន​ត្រូវ​រួម​គ្នា​កាត់​បន្ថយ​គម្លាត​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​តាម​រយៈ​ការ​ជួយ​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ចំណុច​ខ្វះខាត​,​ ជួយ​កសាង​សមត្ថភាព​បច្ចេកទេស​ បច្ចេកវិទ្យា​ទំនើប​ និង​ ធនធានមនុស្ស​ ជា​ពិសេស​ត្រូវ​បំពាក់បំប៉ន​នូវ​ចំណេះដឹង​ និង​ ជំនាញ​បច្ចេកទេស​ សម​ស្រប​តាម​និយាម​អន្តរជាតិ​ និង​ បច្ចេកវិទ្យា​ទំនើប​ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ ភាព​ជឿជាក់​។​

៤)​អាស៊ាន​ត្រូវ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ នៃ​វិស័យ​សុខាភិបាល​,​ ចែករំលែក​នូវ​ព័ត៌មាន​ចំណេះដឹង​បទ​ពិសោធន៍​ បច្ចេកវិទ្យា​ និង​ បច្ចេកទេស​ជា​ប្រចាំ​ ដើម្បី​រិះរក​វិធីសាស្ត្រ​និង​តម្រូវការ​ចាំបាច់​សម្រាប់​អនុវត្ត​រួម​គ្នា​ ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ចំពោះ​គ្រោះ​មហន្តរាយ​នានា​ នៅ​ក្នុង​ប្រទេស​អាស៊ាន​ និង​នៅ​ក្នុង​តំបន់​។​

៥)​ អាស៊ាន​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ និង​ អន់​គុណភាព​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​អន្តរ​វិស័យ​,​ ការ​បន្ត​ពង្រឹង​ក្រប​ខណ្ឌ​ច្បាប់​,​ ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ តាមដាន​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ​ និង​ ការ​បន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​។​

៦)​អាស៊ាន​ត្រូវ​រួម​គ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ និង​ អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​ជំរុញ​ការ​អនុវត្ត​យន្តការ​ថ្នាក់​តំបន់​ និង​ សកលលោក​ ដែល​មាន​ស្រាប់​ និង​ បង្កើត​យន្តការ​ ឬ​ គោលការណ៍​ណែនាំ​ថ្មីៗ​បន្ថែម​ទៀត​ សម្រាប់​ការ​ធ្វើ​សុខដុម​នី​យ​កម្មវិស័យ​សុខាភិបាល​ ព្រមទាំង​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ ថវិកា​ សម្រាប់​ការ​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ​និង​ អន់​គុណភាព​៕​

 

ចំនួនអ្នកទស្សនា

    20557997

  • ថ្ងៃនេះ391
  • ម្សិលមិញ14181
  • សប្តាហ៍នេះ391
  • ខែនេះ115541
  • ឆ្នាំនេះ115541
  • សរុប20557997