លទ្ធផល​ នៃ​កិច្ចប្រជុំ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​

29-August-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ពុធ​ ១៣​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួប​ប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ដើម្បី​ពិនិត្យ​ការងារ​រយៈពេល​១២​ខែ​ ក្នុង​ការ​រក​ចំណុច​កែ​លំអរ​ និង​ជំរុញ​ប្រសិទ្ធភាព​ការងារ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​។​

​​ក្នុង​កិច្ចប្រជុំ​នោះ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ផ្តល់​នូវ​ទស្សនវិស័យ​ ក៏​ដូច​ជា​ចក្ខុវិស័យ​មួយ​ចំនួន​សម្រាប់​ការ​អនុវត្តន៍​ការងារ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ហើយ​កិច្ចប្រជុំ​ ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​សមាជិក​ទាំងអស់​ចូលរួម​ជា​យោបល់​ស្ថាបនា​ និង​សំណូមពរ​ផង​ដែរ​។​

ក្នុង​រយៈពេល​១២​ខែ​កន្លង​ទៅ​នេះ​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ បាន​បំពេញការងារ​របស់​ខ្លួន​ និង​បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​ ហើយ​រយៈពេល​កន្លង​មកនេះ​ គឺ​សមាជិក​បាន​បំពេញបេសកកម្ម​ប្រមូល​ទិន្នន័យ​ដល់​មូលដ្ឋាន​ផ្ទាល់​គឺ​មាន​ចំនួន​២៩៥​លើក​ ហើយ​បាន​ដាក់​ជូន​សម្តេច​តេ​ជោ​ចំនួន​២៥១​លើក​ ហើយ​ការ​ចុះ​ទៅ​នោះ​ គឺ​ដោយ​ខ្លួនឯង​ គ្មាន​នរណា​បង្គាប់បញ្ជា​បោះ​ទេ​ ហើយ​របាយការណ៍​នោះ​ ក៏​អត់​យក​ទៅ​ដាក់​ទៅ​ស្ថាប័ន​ណា​ដែរ​ គឺជា​របាយការណ៍​ដែល​ត្រូវ​ដាក់​ជូន​តែ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​។​

​មក​ដល់​ពេល​នេះ​ សំណុំរឿង​ភាគច្រើន​ដែល​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ទទួល​បាន​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ បញ្ហា​រំលោភ​យក​ដី​រដ្ឋ​ជា​ពិសេស​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​ បញ្ហា​បទល្មើស​ព្រៃឈើ​ បញ្ហា​បទល្មើស​ជលផល​ បញ្ហា​បរិស្ថាន​ផ្សេង​ទៀត​ ដូច​ជា​ការ​រំលោភ​ការ​ចាក់​លុប​ឆ្នេរ​ បឹង​ ព្រែក​ បញ្ហា​គ្រឿងញៀន​ អំពើ​ពុក​រលួយ​ រួម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត​។​ ហើយ​បញ្ហា​ទាំង​អស់នេះ​ ត្រូវ​បាន​សម្ដេច​តេ​ជោ​ទទួលយក​ ហើយនឹង​ចេញ​ ស​.​ជ​.​ណ​ ដើម្បី​ដោះស្រាយ​តាម​រយៈ​ប្រជុំ​ជាមួយ​ក្រសួង​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ចាត់វិធានការ​ និង​រក​ដំណោះស្រាយ​។​

​កិច្ចប្រជុំ​នេះ​ ជា​រួម​គឺ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​តប​ទៅ​តាម​សំណើរ​ និង​សំណូមពរ​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​របស់​ជាតិ​ និង​ប្រជាជន​ ដែល​សម្តេច​គិត​ថា​ ជា​ធាតុ​ចូល​មួយ​ក្នុង​ការ​រួមចំណែក​ និង​ជា​ពហុ​គំនិត​ដល់​ការ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​។​ សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ថា​ ចាប់ពី​ពេល​នេះ​តទៅ​គឺ​ត្រូវ​អនុវត្ត​នូវ​អភិក្រម​ទី​៥​ គឺ​វះកាត់​ ដូច្នេះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ទាក់ទង​ទៅ​នឹង​បញ្ហា​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​ គឺ​មិន​ត្រឹមតែ​ដាក់ទោស​ប៉ុណ្ណោះ​នោះ​ទេ​ ថែម​ទាំង​ដក​តំណែង​ និង​ការ​រឹបអូស​ ឬ​បង្កក​ទ្រព្យសម្បត្តិ​ផង​ដែរ​ ដូច​ជា​ករណី​ការ​រំលោភ​ដីធ្លី​ និង​បញ្ហា​បទល្មើស​ព្រៃឈើ​ជាដើម​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​យោបល់​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​ ក៏​ដូច​ជា​ការ​ស្រាវជ្រាវ​រក​បញ្ហា​ដែល​បាន​កើតឡើង​នៅ​តាម​មូលដ្ឋាន​នានា​ ក្នុង​ការ​ដាក់​ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​សេចក្តី​សម្រេចចិត្ត​និង​រក​វិធី​ដោះស្រាយ​ ដែល​សម្តេច​គិត​ថា​ យន្ត​នេះ​ គឺជា​ការ​ជួយ​រាជរដ្ឋាភិបាល​ និង​ជា​ការ​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ និង​រាជរដ្ឋាភិបាល​រំកិល​ទៅ​កៀក​គ្នា​ដើម្បី​ធានា​បាន​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​អោយ​មាន​ភាពល្អ​ប្រសើរ​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជា​យន្តការ​ពិគ្រោះ​ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា​ ក្នុង​គោលដៅ​លើក​ស្ទួយ​ប្រសិទ្ធភាព​ការងារ​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​បម្រើសេវា​ប្រជាជន​ និង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​ ៕

 

ចំនួនអ្នកទស្សនា

    20557967

  • ថ្ងៃនេះ361
  • ម្សិលមិញ14181
  • សប្តាហ៍នេះ361
  • ខែនេះ115511
  • ឆ្នាំនេះ115511
  • សរុប20557967