សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ដឹកនាំ​គណៈប្រតិភូ​សភា​ និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​ បន្ទាប់​ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា​ នៅ​ប្រទេស​ថៃ​

30-August-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ ប្រកបដោយ​ជោគជ័យ​ ក្នុង​ការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ក្នុង​ក្រប​ខណ្ឌ​ពហុភាគី​ និង​ទ្វេភាគី​ នៅ​ឯ​ប្រទេស​ថៃ​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព​។​

​អន្តរ​សភា​អាស៊ាន​ ដែល​ហៅ​កាត់​ថា​ AIPA​ មាន​សមាជិក​ ១០​ប្រទេស​ ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ មាន​ប្រទេស​ប្រ៊ុ​យ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ សឹ​ង្ហ​បុរី​ ថៃ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​ បាន​ជួប​ប្រជុំ​ប្រចាំឆ្នាំ​ក្នុង​ប្រទេស​ថៃ​ រយៈពេល​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ AIPA​ និង​អាស៊ាន​។​ ភាព​ជា​ដៃគូ​រវាង​AIPA​ ជាមួយ​ប្រទេស​និង​អង្គការ​ជា​ដៃគូ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ និង​អន្តរជាតិ​ ដូច​ជា​បញ្ហា​ស្ត្រី​ កុមារ​ ពាណិជ្ជកម្ម​ សន្តិសុខ​ បរិស្ថាន​ និង​គ្រឿងញៀន​ជាដើម​។​

​កំឡុង​ពេល​ចូលរួម​មហាសន្និបាត​នេះ​ សម្តេច​ប្រធាន​រដ្ឋ​ភា​ និង​សមាជិក​គណៈប្រតិភូ​ បាន​ចូលរួម​កិច្ចប្រជុំ​ជា​ច្រើន​ តាម​វិស័យ​នានា​របស់​AIPA​ មាន​វិស័យសេដ្ឋកិច្ច​ សង្គមកិច្ច​ និង​កិច្ចការ​អាយ​ប៉ា​ និង​កិច្ច​សន្ទនា​ជាមួយ​ប្រទេស​សង្កេតការណ៍​ ជាដើម​។​

​សម្រាប់​សម្ត​ច​ប្រធាន​គណៈប្រតិភូ​វិញ​ ក្រៅពី​ការ​ចូលរួម​មហាសន្និបាត​ហើយ​ សម្តេច​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​ចំនួន​ទៀត​ ក្នុង​ការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ មាន​ដូច​ជា​ ជួប​ពិភាក្សា​ការងារ​ ជាមួយ​ប្រធានរដ្ឋសភា​ប្រទេស​ថៃ​ ដែល​ជា​ម្ចាស់ផ្ទះ​មហាសន្និបាត​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​ ប្រធានរដ្ឋសភា​ម៉ា​រ៉ុ​ក​ និង​អនុប្រធាន​រដ្ឋសភា​ឡាវ​ជាដើម​៕


ចំនួនអ្នកទស្សនា

    20558367

  • ថ្ងៃនេះ761
  • ម្សិលមិញ14181
  • សប្តាហ៍នេះ761
  • ខែនេះ115911
  • ឆ្នាំនេះ115911
  • សរុប20558367